ព័ត៌មានទាន់ហេតុការណ៍៖

ធាក់ផ្ដួលម៉ូតូពលរដ្ឋកំពុងជិះតាមដងផ្លូវបម្រុងប្លន់មិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានសមត្ថកិច្ចស្រុកលើកដែកក្របួចជាប់ បន្ទាប់ពីនាំគ្នាធ្វើសកម្មភាពធាក់ម៉ូតូពលរដ្ឋកំពុងជិះតាមដងផ្លូវ ។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

    មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ គង់ ឆៃឡុង  ភេទ ប្រុស អាយុ ២១ឆ្នាំសញ្ជាតិខ្មែរ មានទីលំនៅឃុំ ព្រែកខ្សាយ(ក)  ស្រុកពាមរក៍ ខេត្តព្រៃវែង ។ចំណែកជនសង្ស័យ៦នាក់ ទី១-ឈ្មោះ ទន់ ស៊ីណា ហៅ ណេត  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោមនិងបក្ខពួក០៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ស្រមោល។ ដោយឡែកវត្ថុតាងចាប់យក: ម៉ូតូចំនួន២គ្រឿង ១-ម៉ូតូម៉ាក ICON  ០១ គ្រឿង ពណ៌ សលាយ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W.5973 ជារបស់ជនសង្ស័យ ២-ម៉ូតូម៉ាកហុងដាឌ្រីមC១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង  1E.7537 ជារបស់ជនរងគ្រោះ,​សោរមាត់(តូច.ធំ)ចំនួន២០ដើម,​កន្រ្តៃតូចកាត់ដែកសង្ក័សី ចំនួន១​ផ្លែ ដែកសម្រាប់ បុកបេតុង ចំនួន១, ទួលណឺវីស វ៉ាស់ភ្លើងចំនួន ០១, ទួលណឺវីស ផ្លែដែកចំនួន១, សោរតាន់(តូច.ធំ) ចំនួន៣ដើម,​ឧបករណ៍ សម្រាប់ បុកកាច់ក ម៉ូតូ១ឈុត,​កន្រ្តៃ ចំនួន១,​មេដែកឆក់ ចំនួន១, ច្រវាក់+មេសោរចំនួន១, ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាកOPPO ពណ៌ ក្រហម(របស់ជនសង្ស័យ)។

   ប្រភព​ដដែលបន្តថា​ កាលពីថ្ងៃទី១៦ ខែ កក្កដា  ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ គង់ ឆៃឡុង បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E.7537 ទៅមើលបងគ្រោះថ្នាក់ចរាចរណ៍នៅច្បារអំពៅ ពេលធ្វើដំណើរតាមផ្លូវមានម៉ូតូ០៣គ្រឿង មានគ្នា០៦នាក់ បានជិះតាមក្រោយម៉ូតូជនរងគ្រោះ ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូជនសង្ស័យដែលជិះតាមពីក្រោយមានគ្នា០៦ នាក់ក្នុងនោះម៉ូតូ០២គ្រឿងមានគ្នា០៤នាក់បានជិះកៀនិងម៉ូតូ០១គ្រឿងទៀតមានគ្នា០២  បានធាក់ម៉ូតូជនរងគ្រោះបណ្តាលអោយដួលធ្វើអោយជនរងគ្រោះ រងរបួស បាក់ឆ្អឹងដងកាំបិតខាងឆ្វេង ហើយជនសង្ស័យទាំង០២នាក់ បំរ៉ុងនឹងលើកម៉ូតូជនរងគ្រោះជិះ ត្រូវប្រជាជនចេញមកទាន់ ជនសង្ស័យទាំង០៦នាក់ បានជិះម៉ូតូគេចឡើងទៅភ្នំពេញ ។ 

     ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ធ្វើការដេញតាមពីក្រោយរហូតដល់ឃុំសំរោងធំ ស្រុកកៀនស្វាយ ជនសង្ស័យបានបត់ចូលផ្លូវលំឆ្ពោះទៅទិសខាងលិចបានប្រហែលជាបីរយម៉ែត្រជនសង្ស័យបានបុកកន្ទុយរុឺម៉កម៉ូតូដែលប្រជាពលរដ្ឋចតចោលនៅចិញ្ចើមផ្លូវបណ្តាលអោយម៉ូតូជនសង្ស័យដួលខូចខាតផ្នែកក្បាលម៉ូតូនិងបែកក្បាលជនសង្ស័យហូរឈាម ពេលនោះកម្លាំងយើងបានមកទាន់និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ទន់ ស៊ីណា   និងម៉ូតូ០១គ្រឿង រីឯជនសង្ស័យ៥នាក់ទៀតបានរត់គេចខ្លួនចូលព្រៃបាត់តែម្តង។

    បន្ទាប់ពីមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងម៉ូតូមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី​ច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖