ភ្នំពេញ៖ បើយោងតាមការអះអាងពីមជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ ដែលជាអង្គការការពារសត្វព្រៃនិងជីវចម្រុះ មួយនៅកម្ពុជា បានឱ្យដឹងថា នៅកម្ពុជា គេដឹងថា សត្វពស់មានប្រមាណជា ២៩ប្រភេទ ប៉ុន្តែវាជាសត្វដែលកំពុងតែរងគ្រោះព្រោះជាចំណីរបស់មនុស្ស ឱសថបុរាណ ស្បែក និង ជាសត្វចិញ្ចឹម ។
អង្គការការពារសត្វព្រៃនិងជីវចម្រុះ បានអះអាងបន្ថែមថា៖ នៅជុំវិញពិភពលោកមានសត្វពស់ប្រមាណ ៣.៩០០ប្រភេទ រស់នៅតាមជម្រកនានា ទាំងនៅក្នុងទឹក និងនៅលើគោក។ ប៉ុន្តែពស់ប្រហែលជា ៦០០ប្រភេទប៉ុណ្ណោះដែលមានពិស ក្នុងចំណោមពួកវាមាន ២០០ប្រភេទដែលអាចធ្វើ ឲ្យមនុស្សយើងស្លាប់បាន។
ប្រភពដដែលបន្តថា នៅប្រទេសកម្ពុជាយើងមានពស់ចំនួន ២៩ប្រភេទ ប៉ុន្តែមាន ការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងទៅនឹងទោហនកម្មសត្វព្រៃ។ ពស់ប្រមាណ ៦.៩លានក្បាលត្រូវបានគេចាប់ជារៀងរាល់ឆ្នាំ ភាគច្រើនគឺប្រភេទពស់ដែល រស់នៅក្នុងទឹក ដើម្បីធ្វើជាចំណីក្រពើចិញ្ចឹម ដែលគេចិញ្ចឹមដើម្បីយកសាច់ និងស្បែកធ្វើឧស្សាហកម្ម។ ពស់ថ្លាន់ក៏ងាយស្រួលចាប់ដែរហើយត្រូវបានគេឲ្យ ថ្លៃខ្ពស់សម្រាប់ការប្រើប្រាស់ជាឱសថបុរាណ ជាអារហារ យកស្បែក និងការជួញដូរ ធ្វើជាសត្វចិញ្ចឹម។
អង្គការមួយនេះ បានឱ្យដឹងទៀតថា ការផលិតស្រាត្រាំពស់នៅតាមតំបន់មួយចំនួននៃ ប្រទេសកម្ពុជា ត្រូវបានគេអនុវត្តិធ្វើ ដោយភាគច្រើនគេយកប្រភេទពស់មានពិស មកផលិត ជាពិសេសគឺពស់វែករនាម។
ជាមួយគ្នានេះ ភ្ញៀវទេសចរត្រូវបានគេណែនាំមិនឲ្យចូលរួមគាំទ្រដល់ការជួញដូរទាំងនេះ ហើយចៀសវាងការទិញរាល់ផលិតផលធ្វីពីសំណាកសត្វពស់ ដោយសារការធ្វើ បែបនេះបីដូចជាជំរុញឲ្យមានតម្រូវការផលិតកាន់តែច្រើនឡើង។
សូមជម្រាបថា សត្វពស់ ក៏ត្រូវការការជួយសង្រ្គោះរបស់យើងទាំងអស់គ្នាផងដែរ ដោយពួកវាមិនអាចចៀស ផុតពីការរងគ្រោះផុតពូជនៅទូទាំងពិភពលោកបានឡើយ។ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ទីជម្រក ប្រភេទរាតត្បាត ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនិងទោហនកម្ម សត្វព្រៃ គឺជាការគំរាមកំហែងដល់ប្រភេទពស់ជាច្រើន។
គួរបញ្ជាក់ថា សត្វពស់ប្រហែលជា៦២% ដែលអង្គការ IUCN មិនទាន់បានវាយតម្លៃហើយលើសពីអ្វី ដែលយើងបានដឹង ប្រហែលជាមានពស់មួយចំនួនជិតផុតពូជទៅហើយ។ ជាមួយគ្នា នឹងការអភិរក្សពស់ដែលនៅមានកម្រិត ដូច្នេះពួកវាក៏នៅតែមិនទាន់មាន ការសិក្សា ស្វែងយល់ច្បាស់លាស់ពីអ្នកស្រាវជ្រាវ និងសង្គមនៅឡើយទេ។ ប៉ុន្តែអ្វីដែលយើង បានដឹងច្បាស់នោះគឺថា ពស់មានសារៈសំខាន់ណាស់ចំពោះបណ្ដាញអាហារ ហើយវាដើរតួនាទីក្នុងការគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិនៅក្នុងតំបន់ដែលមាន មនុស្សរស់នៅ៕ដោយ៖សហការី
រូបភាព៖ឯកសារ