ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារដោយសារតែបានផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារដោយសារតែបានផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

លោករដ្ឋលេខាធិការបញ្ជាក់ថា, ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារដោយសារតែ បានផ្តល់ ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិង សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ។ ក្នុងនោះរួមមាន :
-1. ក្រសួងបរិស្ថានបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ »ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្ដល់ជា ធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ នេះ។

-2. លោកបានថ្លែងថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូល ទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារ ព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅ មូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់ តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជា រួមមាន តំបន់រ៉ាមសារស្ទឹង ត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។

-3. លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិត នៅក្នុងខេត្តតាកែវបានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និង ជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វ ក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង ។ នៅថ្មីៗនេះផងដែរ ឧទ្យានុរក្ស នៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត -អូស្រ្តាលី។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏មានវត្តមាន សត្វ ត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួនដូចជាត្រយងខ្លងស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើមដែលបានចុះមករកចំណីក្នុង តំបន់នេះ។

-4. លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា, តំបន់ការពារទេសភាពបឹងព្រែក ល្អ បានផ្តល់ជាអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលបានគាំទ្រដល់ជីវភាពរស់នៅរបស់ ប្រជាជន តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែប របស់វាដូចជា៖ សេវាកម្មផ្គត់ផ្គង់ ដោយផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធាន ពន្ធ ដីល្បាប់ និងធនធានធម្មជាតិផ្សេងៗ ទៀត សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្ម អាកាសធាតុក្នុងតំបន់ និងនៅសាកល បន្សុទ្ធទឹក ជាដើម សេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃ សោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនង សង្គម ការអប់រំ និងសិក្សាស្រាវជ្រាវ និងសេវាកម្ម គាំទ្រ ដូចជាផ្ដល់ជាទីជម្រកដល់ជីវចម្រុះ ការ កកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្ដទឹក និងវដ្ដ ចំណីអាហារ។ល។

-5. « ទាំងនេះគឺបានបញ្ជាក់ពីសារៈសំខាន់ជាអន្តរជាតិរបស់តំបន់ការពារទេសភាពនេះ ។ ដូចនេះ ទើប ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះទៅជាតំបន់ រ៉ាមសារដែលនឹងផ្តល់តម្លៃដល់តំបន់ដីសើមនេះជាអន្តរជាតិ »។ នេះគឺជា ការថ្លែងបញ្ជាក់របស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយបន្ថែមថា ក្រសួងរំពឹងថាការដាក់ តំបន់ការពារទេសភាពបឹង ព្រែកល្ពៅនឹងធ្វើឡើងក្នុងពេលវេលាសមស្របខាងមុខនេះ។

-6. ទាក់ទងនឹងសារៈប្រយោជន៍ លោករដ្ឋលេខាធិការបានថ្លែងថា ការដាក់តំបន់ការពារទេសភាព បឹងព្រែល្ពៅជាតំបន់រ៉ាមសារ គឺបង្ហាញឱ្យឃើញថាតំបន់ដីសើមនេះមានសារៈសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសារដែលមានលេខាធិការដ្ឋានរ៉ាមសារ នៅប្រទេសស្វីស។ ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅជាតំបន់រ៉ាមសារ ក៏មានអត្ថ ប្រយោជន៍ផ្សេងៗទៀតដូចជា៖
១)បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់ នៃ តំបន់ដីសើម
២)បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការ គ្រប់គ្រងតំបន់ដីសើម
៣)មានការគាំទ្រកាន់តែច្រើនជាងមុនក្នុងការ ការពារនូវតំបន់ទាំងនោះក៏ដូចជាតំបន់នៅជុំវិញ
៤)បង្កើនមូលនិធិសម្រាប់អភិរក្សទាំងក្នុងនិងក្រៅប្រទេស
៥) ពង្រឹងកាលានុវត្តន៍ភាព ក្នុង ការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងអេកូទេសចរណ៍ ។

-7. លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃ ក្រសួងបរិស្ថានបានថ្លែងថា ប្រទេសកម្ពុជាបានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩៩។ អនុសញ្ញារ៉ាមសារធ្វើការលើសសរស្តម្ភចំនួន ៣ សំខាន់គឺ
១)ការប្រើប្រាស់តំបន់ ដីសើម ប្រកបដោយភាពឈ្លាតវៃ
២)កំណត់និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ
និង ៣)កិច្ចសហការអន្តរជាតិ។ បច្ចុប្បន្ននេះ តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូល ជាតំបន់រ៉ាមសារ មានចំនួន ២៤២៤ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីចំនួន ២៥លានហិកតា ដែលក ឡុង នោះកម្ពុជាមានចំនួន ៥ កន្លែងសរុបមានផ្ទៃដីទំហំ ៤២.២៥៧ ហិកតា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖