ព័ត៌មានទាន់ហេតុការណ៍៖

ម៉ា ច័ន្ទបញ្ញា បញ្ចេញបទ«មីកំប៉ុង» ដើម្បីការចងចាំសម្រាប់អ្នកដាច់លុយក្នុងបរិបទកូវីដ-១៩(មានបទចម្រៀង)

ចែករំលែក៖

 ភ្នំពេញ៖ តារាចម្រៀងស្រស់សង្ហា លោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញបទចម្រៀងថ្មីមួយមានចំណងជើងថា «មីកំប៉ុង» ដែលជារសជាតិថ្មីសម្រាប់អត្ថន័យខ្លឹមសារ ។ បទចម្រៀងនេះភ្ជាប់ទៅដោយរឿងរ៉ាវស្នេហាបែកបាក់ អមដោយចង្វាក់បទភ្លេងមនោសញ្ចេតនាស៊ីជម្រៅ ជាពិសេសទឹកដមសំនៀងថ្នមពីរោះរណ្តំចិត្ត ពិតជាបាននាំអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែតអណ្តូងទៅតាមអត្ថន័យនៃបទចម្រៀងនេះ។

  បទចម្រៀងនេះអាចត្រូវចិត្តនិងជារឿងពិតមួយចំនួនរបស់ទស្សនិកជនក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលខ្លួនបាត់បង់ឱកាសប្រកបមុខរបររកប្រាក់ចំណូលដែលមានតែមី និងត្រីខកំប៉ុងប៉ុណ្ណោះដែលអាចដោះទាល់បាន ហើយវាគឺជាការចងចាំដ៏ជូរចត់មួយដែរសម្រាប់ទស្សនិកជន។ បទចម្រៀង«មីកំប៉ុង»នេះត្រូវបានបញ្ចេញហើយនៅលើបណ្តាញសង្គមYoutube កាលពីប៉ុន្មានថ្ងៃមុននេះ ហើយទើបនឹងប្រកាសបញ្ចេញនៅថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២១នេះតែម្តង។ នេះបើតាមការបញ្ជាក់របស់តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា។ លោកថា ដោយសារតែប៉ុន្មានថ្ងៃមុននេះលោកបានបញ្ចេញសារ និងរូបភាពមួយចំនួនទាក់ទិននឹងប្រាសាទអង្គរវត្តធ្វើឲ្យហ្វេស

ប៊ុកលោកមានបញ្ហាទើបត្រូវពន្យារពេលរហូតមកដល់ថ្ងៃទី៩ ខែកក្កដានេះវិញ។ លោកថា អត្ថន័យនៃបទចម្រៀងគឺលោកចង់បង្ហាញពីផលវិបាកខ្លះនៃការរីករាលដាលជំងឺកូវីដ-១៩ និងចង់បន្សល់ទុកនូវអនុស្សាវរីយ៍ខ្លះក្នុងបរិបទនេះ។ បទចម្រៀងក៏បានភ្ជាប់ទៅនឹងរឿងរ៉ាវស្នេហាប្រេះឆារបស់បុរសម្នាក់ព្រោះតែភាគីខាងស្រីភ្លេចសន្យា និងគ្រាកម្សត់កម្ររួមគ្នា ហើយខាងប្រុសបាត់បង់ទាំងស្នេហា និងការងារព្រមគ្នាផងដែរ។ 

 ទោះជាយ៉ាងណាតារាចម្រៀងរូបនេះថានេះគឺជាស្នាដៃថ្មីដែលលោកទើបនឹងបញ្ចេញដែលរំពឹងថាទទួលបានការគាំទ្រពីទស្សនិកជនស្តាប់កម្សាន្តកែអផ្សុក ហើយលោកក៏ត្រៀមស្នាដៃថ្មីមួយចំនួនបន្ថែមទៀតសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ។  លោកពិតជាអរគុណណាស់សម្រាប់អ្នកគាំទ្រដែលតែងតែពេញចិត្តនឹងស្នាដៃនិពន្ធ និងបទចម្រៀងថ្មីរបស់លោកកន្លងមក ហើយលោកនឹងខំប្រឹងប្រែងរកអ្វីដែលថ្មីបន្ថែមទៀត។នេះគឺជាស្នាដៃថ្មីបន្ថែមពីការនិពន្ធបទចម្រៀងថ្មីសម្រាប់សិល្បករល្បីឈ្មោះក្នុងផលិតកម្មរាមផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖