ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តត្បូងឃ្មុំ បន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងមូលដ្ឋានអាជីវកម្ម KTV ក្លឹមកំសាន្ត ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃបន្ថែមទៀត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ២០២១” និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និង សណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញសេចក្ដីសម្រេច សេចក្ដីណែនាំ សេចក្តីជូន ដំណឹង និងចំណាត់ការជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” ដែលកំពុងកើនឡើងឥតឈប់ឈរ។

យ៉ាងណាម៉ិញ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ រដ្ឋបាល ខេត្តត្បូងឃ្មុំ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ក្នុងការចូល រួមអនុវត្ត ដើម្បីការលើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេស ការអនុវត្តលិខិតលេខ ០៩៤/២១ សជណ.តឃ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ស្តីពី ការពង្រឹងវិធានការបិទផ្អាកមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត(ខារាអូខេ រង្គសាល ឌីស្កូតេក និងបៀរ ហ្គាឌិន) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ប៉ុន្តែក៏នៅ មានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួនតូចនៅតែបន្តបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាតម្លាត លួចលាក់ប្រមូលផ្ដុំកំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំ ទទួលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយវិធានការ ការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលនេះគឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ និង សង្គមជាតិទាំងមូល។ ក្នុងន័យនេះ ដើម្បីគ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់កាវឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ នៅក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការណែនាំដូចខាងក្រោម ៖

១-មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត(ខារាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តរក្សាការបិទកសកម្មភាពអាជីវកម្មឱ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនជាប្រចាំ រហូតដល់មានការ ណែនាំថ្មី។

២-គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារមា៉ត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាង ភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់មានការណែនាំថ្មី។ ៣-ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងកេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្ដោះអាសន្ន ចំពោះការទទួលអតិថិជនឱ្យចូលមក ទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈ វេចខ្ចប់បាន។

៤-មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការ ចុះត្រួតពិនិត្យតាមបណ្តាមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត ផ្សាររដ្ឋ និងផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ។ ក្នុងករណី រកឃើញថា គណៈគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ឬម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយប្រសិនបើនៅតែបន្តបំពាន ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។

ទទួលបានសេចក្ដីណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក លោក-លោកសី្រ ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត មេឃុំ ចៅសង្កាត់ វិស័យឯកជន ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត គណៈគ្រប់គ្រងផ្សារ ម្ចាស់អាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួខុសត្រូវខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖