នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១ ប្រធានាធិបតីស៊ីរី លោក អាល់ អាសាដ បានស្បថចូលកាន់តំណែងប្រធានាធិបតី អាណត្តិទី៤ក្រោយទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០២១។
ប្រធានាធិបតី អាល់ អាសាដ បានស្បថនៅចំពោះមុខរដ្ឋធម្មនុញ្ញ និងព្រះគម្ពី Koran ដោយមានការចូលរួមពីភ្ញៀវអញ្ជើញដែលមានរដ្ឋមន្ត្រី អ្នកជំនួញ និងក្រុមអ្នកសារព័ត៌មាន ។
លោកអាល់ អាសាដ ទទួលបាន ជ័យជម្នះដោយទទួលបានការគាំទ្ររហូតដល់ទៅ៩៥% ។ ពលរដ្ឋស៊ីរី ១៤,២លាននាក់បានទៅបោះឆ្នោត ស្មើនឹង ៧៦,៦៤% ។ នេះជាការបោះឆ្នោតប្រធានាធិបតីលើកទីពីរហើយចាប់តាំងពីស៊ីរីធ្លាក់ក្នុងសង្គ្រាមស៊ីវិលនៅក្នុងឆ្នាំ២០១១។ ការបោះឆ្នោតលើកទីមួយកាលពីឆ្នាំ២០១៤លោកអាល់ អាសាដទទួលបានការគាំទ្រ៨៨ភាគរយ ។
នៅក្នុងការបោះឆ្នោតឆ្នាំនេះ លោកអាល់ អាសាដបានប្រើប្រាស់ពាក្យស្លោកថា «ក្តីសង្ឃឹមតាមរយៈការងារ»។ គោលដៅរបស់មេដឹកនាំវ័យ៥៥ឆ្នាំនេះ គឺតាមរយៈការងារ ដើម្បីកសាងប្រទេសជាតិបន្តិចម្តងៗ ។ ស៊ីរីប្រឈមនឹងការបំផ្លាញយ៉ាងខ្លាំងដោយសារសង្គ្រាម ហើយពេលនេះប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩កាន់តែកើនឡើងខ្ពស់ ។
ភារកិច្ចសំខាន់របស់ប្រធានាធិបតីស៊ីរីនាពេលនេះគឺធ្វើការកែទម្រង់ដើម្បីស្តាសេដ្ឋកិច្ចជាតិឡើងវិញ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បានខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ អ្វីដែលសំខាន់នៅពេលនេះគឺរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ស្វែងរកសំឡេងរួមគ្នាសម្រាប់កាត់បន្ថយគម្លាតក្នុងវិស័យនយោបាយ ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ធីរីណា(រូបថត៖TTXVN )