ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងច្បាប់ «កាតឬលិខិតសុខភាព» ក្លាយជាហិង្សា ប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ

ចែករំលែក៖

បច្ចុប្បន្នមានប្រទេសជាច្រើនកំពុងតែអនុវត្តវិធីសាស្ត្រទប់ស្កាត់កូវីដ-១៩ ដោយបានចេញច្បាប់រឹតត្បិតពលរដ្ឋរូបណាដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ពេលនេះមានប្រទេសនិងតំបន់មួយចំនួនប្រើប្រាស់វិធីសាស្ត្រ ដោយអ្នកដែលមិនចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ…ទាំងនោះជាយុទ្ធសាស្ត្របង្ខំឲ្យពលរដ្ឋត្រូវតែទៅចាក់វ៉ាក់សាំងដោយខ្លួនឯង។
នៅក្នុងប្រទេសបារាំងពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង ប្រធានាធិបតីម៉ាក្រុងដែលមានគម្រោងអនុវត្តវិធានការស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែមានកាតចាក់វ៉ាក់សាំងរួចរាល់ ឬលិខិតបញ្ជាក់ធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ឬក៏លិខិតបញ្ជាក់ថាធ្លាប់ឆ្លងកូវីដ-១៩ ហើយព្យាបាលជាសះស្បើយ ទើបអនុញ្ញាតឲ្យចូលទៅកាន់ក្លិបកម្សាន្ត ភោជនីយដ្ឋាន រោងភាពយន្ត។ ច្បាប់កំណត់ថ្មីនោះនឹងអនុវត្តចាប់ពីខែសីហាខាងមុខ។
កត្តាដែលរដ្ឋាភិបាលត្រូវធ្វើបែបនេះ គឺក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩មានសន្ទុះយឺតយ៉ាវ ទាំងនៅក្នុងប្រទេសបារាំង និងបណ្តាប្រទេសតំបន់អឺរ៉ុប ព្រមទាំងអាមេរិកផងដែរ។ទាំងនោះហើយបានជាប្រធានាធិបតីបារាំងចេញច្បាប់បែបនេះ ដើម្បីជាការជំរុញឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តមិនបង្ខំឡើយ។ បើពលរដ្ឋមិនចាក់វ៉ាក់សាំងគឺជាសិទ្ធិសេរីភាពរបស់ពួកគេ តែអាចបង្កផលប៉ះពាល់ដល់អ្នកចាក់វ៉ាក់សាំងចំនួនភាគច្រើន។
ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋបារាំងជាច្រើនដែលមិនទាន់ចាក់វ៉ាក់សាំងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយបានកើតឡើងនៅខេត្តក្រុងជាច្រើនទូទាំងប្រទេស។ បាតុកម្មក្លាយជាហិង្សា ដោយក្រុមបាតុករបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងវាយប្រហារទៅលើកម្លាំងប៉ូលិសផងដែរ ដែលបង្ខំឲ្យប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែក។
ក្រុមបាតុករបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីបារាំង ថា ការត្រួតពិនិត្យសុខភាព ការបង្ហាញកាតចាក់វ៉ាក់សាំងឬលិខិតពាក់ព័ន្ធ មុនពេលចូលទៅហាងកាហ្វេ ភោជនីយដ្ឋាន មជ្ឈមណ្ឌលផ្សារទំនើប …ជាសកម្មភាព រំលោភបំពានលើសិទ្ធិសេរីភាព និងការរើសអើងចំពោះអ្នកមិនចាក់វ៉ាក់សាំង។

ក្រុមបាតុករបានចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលថាជា«សកម្មភាពផ្តាច់ការ មិនមានប្រជាធិបតេយ្យ»៕

ដោយ៖ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖