ភ្នំពេញ៖ សម័យកូវីដ-១៩ គឺអាជ្ញាធរមូលដ្ឋាន, អាជ្ញាធររាជធានីភ្នំពេញ , ក្រសួងសុខាភិបាល បានរឹតបន្តឹង និងហាមឃាត់នូវការជួបជុំគ្នាដែលមានមនុស្សច្រើន ក៏ដូចជាការប្រមូលផ្ដុំក្នុងការផឹកស៊ីនេះជាដើម។ ផ្ទុយទៅវិញមានក្រុមយុវជនជាច្រើនបានប្រមូលគ្នាមកផឹកស្រាក្រឡុក រួចបង្កជាជម្លោះបើកឆាកវាយប្រហារគ្នាទាំងព្រឹក អាចពួកគេចេញពីកន្លែងផឹកសា្រក្រឡុកនេះតែម្តង ខណៈប្រជាពលរដ្ឋថា,ក្លិនស្រាង៉ោង ។
មហាជនបានឃើញជាក់ស្ដែង ពីសកម្មភាពក្នុងការបើកឆាកប្រយុទ្ធគ្នា មានចំនួនពីរក្រុម របស់យុវជនទាំងស្រីទាំងប្រុសដែល ស្រវឹងស្រាក្រឡុកនោះ ។ មួយក្រុមមានគ្នាប្រហែលជា ១០ នាក់, មួយក្រុមទៀតមានគ្នាជាង ១០នាក់ បានធ្វើសកម្មភាពលោតមកធាក់ ប្រតប់ ប្រតាយ វ៉ៃគ្នាផ្អើលមុខហាងលក់ស្រាក្រឡុក នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍ដែលមើលទៅមិនសមភ្នែកច្រមុះប្រជាពលរដ្ឋ គឺកើតឡើងនៅវេលាម៉ោង៤ និង ៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។ ករណីនេះអាចមានក្រុមទាំងសងខាង រងរបួសមួយចំនួនផងដែរ ប៉ុន្តែពួកគេបានបែកផ្លូវគ្នារៀងៗខ្លួន ហើយគេក៏ពុំទាន់ដឹងថាតើ, សមត្ថកិច្ចនិងអាជ្ញាធរនៅទីនោះមានវិធានការទៅបង្ក្រាបឬឃាត់ខ្លួនក្រុមជនបង្ក ក៏ដូចជាការហាមឃាត់នូវការប្រមូលផ្ដុំគ្នាមានមនុស្សច្រើន ជួបជុំផឹកស្រាក្រឡុកយ៉ាងអនាធិបតេយ្យបែបនេះដែរឬយ៉ាងណានោះទេ! ។
សូមបញ្ជាក់ថា, ការបង្កជម្លោះដែលមានក្រុមយុវជនទាំងហ្វូង បើកឆាកប្រយុទ្ធគ្នា សុទ្ធតែស្រវឹងស្រាក្រឡុកទាំងស្រីទាំងប្រុសនោះ មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាអ្នកបានធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៤ ម្នាក់ៗលាន់មាត់គ្រប់គ្នា រួចឆ្ងល់ថា, មិនដឹងជាកូនចៅអ្នកណានោះទេ ហេតុអី្វខ្លួននៅក្មេងៗជាទំពាំងស្នងឬស្សី បែរជាប្រមូលផ្ដុំគ្នាមកផឹកគ្រឿងស្រវឹងរហូតដល់ម៉ោង៤ភ្លឺ ហើយបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យ បាត់បង់នូវសេចក្តីថ្លៃថ្នូរនិងសីលធម៌ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។
បញ្ហាទាំងអស់នេះគួរតែអាជ្ញាធរភូមិសង្កាត់ខណ្ឌក្នុងមូលដ្ឋានមានវិធានការរឹតបន្តឹងចំពោះទីតាំងបើកលក់ស្រាក្រឡុកដែលប្រមូលផ្ដុំមនុស្សដ៏ច្រើនកកកុញ និងបង្កើតឲ្យមានការវាយតប់គ្នាយ៉ាងអនាធិបតេយ្យ ខណៈមើលទៅមិនសមភ្នែកច្រមុះរបស់ប្រជាពលរដ្ឋ ជាពិសេសបំពានទៅនឹងការរឹតបន្តឹងរបស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រសួងសុខាភិបាល ចំពោះវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ៕
ដោយ៖ សិលា