ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះរកឃើញរថយន្តមួយគ្រឿងលួចដឹកសាច់ជ្រូក និងប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាមនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោ ដឹកតាមរថយន្ត១គ្រឿងនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវកំលាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក
តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឃាត់បាន នៅវេលាម៉ោង៩ នឹង៤១នាទីព្រឹក ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
លោក តាន់ ផាន់ណារ៉ា បានប្រាប់ឲ្យឲ្យដឹងថា៖ រថយន្តដែលលួចដឹកសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោនិងប្រហិតចម្រុះម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខTHAILAND 81-9741 ពេលកំលាំងឆែកឆេរក្នុងរថយន្តរកឃើញសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោ និងប្រហិតចម្រុះចំនួន ៤.០០០គីឡូក្រាម នាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានដឹកជញ្ជូនលើសពីចំនួនដែលបានស្នើសុំនៅក្នុងលិខិតអនុញ្ញាត។
លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ ក្រុមការងារបានបញ្ជូនវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ដោយ ៖ វណ្ណា