ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ បញ្ជាក់ពីករណីពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្មជ្រូកនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពិនិត្យឃើញថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទខុសពីការពិតពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្មជ្រូកនៅព្រះរាជាណាចក្រកម្ពុជា ដែលមិនបានសិក្សាបានច្បាស់លាស់ ធ្វើឱ្យសាធារណជនមានការយល់ ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឆ្លើយតបចំពោះករណីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមបញ្ជាក់ជូនសាធារណជន ក៏ដូចជាសារព័ត៌មានទាំងអស់ជ្រាបថា៖

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រហូត មកដល់ពេលបច្ចុប្បន្ននេះ ពុំដែលបានផ្ដល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុននាំចូលជ្រូករស់ពីប្រទេសថៃឡើយ ពោលក្រុមហ៊ុនដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនាំចូលជ្រូករស់អាចដាក់ពាក្យស្នើសុំ ដោយត្រូវបំពេញ តាមវិធានការដែលជាការតម្រូវឱ្យអនុវត្តនីតិវិធី និងវិធានបច្ចេកទេសចំនួន១២ចំណុច រវាងអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ការចិញ្ចឹមសត្វ (DLD) នៃព្រះរាជាណាចក្រថៃឡង់ដ៏ ហើយសព្វថ្ងៃមានក្រុមហ៊ុនចំនួន០៦ ដែលកំពុងទទួលបានគោល ការណ៍នាំជ្រូករស់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងមានចំនួន៤ ក្រុមហ៊ុនទទួលគោលការណ៍នាំ ឆ្លងកាត់។

ប្រជាជនកម្ពុជាក៏បានដឹងទាំងអស់គ្នាថា ប្រទេសជិតខាងយើងក៏បាននឹងកំពុងជួបវិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ខ្លាំងក្លា ដែលធ្វើឱ្យបាត់បង់ទីផ្សារក្នុងស្រុករបស់ខ្លួន ហើយបានធ្វើឱ្យមានការកកស្ទះនូវ ផលិតផលសត្វ ហើយទន្ទឹមនឹងនេះក៏មានឈ្មួញខិលខូចមួយចំនួនតូចបានប្រើប្រាស់កលល្បិចគ្រប់យ៉ាង ដើម្បីមានឱកាសយកផលិតផលកកស្ទះពីស្រុកគេមកចាក់នៅកម្ពុជា ដោយមិនបានគិតពីការប៉ះពាល់ដល់ ការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជា និងពីសុខភាពសាធារណៈឡើយ។

ថ្លៃដើមផលិតជ្រូកសាច់បានប្រែប្រួលក្នុងរង្វង់ពី ៧ ៥០០រៀល ទៅ ៩ ០០០រៀល ក្នុងមួយគីឡូក្រាម មុន វិបត្តិកូវីដ-១៩ ហើយបច្ចុប្បន្នថ្លៃដើមលិតជ្រូកសាច់រស់បានកើនឡើងប្រមាណពី ១០ ៥០០រៀល ទៅ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ការប្រែប្រួលថ្លៃដើមផលិតជ្រូកសាច់នេះ ដោយសារតម្លៃវត្ថុធាតុដើម ដូចជា ពោត ដំឡូងក្រៀម កាកសណ្ដែកសៀង ម្សៅត្រី និងសារធាតុបន្ថែមសម្រាប់ផ្សំចំណីសត្វបានកើនឡើង ប្រមាណពី២០ ទៅ ៣០%។ ដោយឡែកតម្លៃដឹកជញ្ជូនតាមផ្លូវទឹកកើនឡើងប្រមាណ៣ដង ម្យ៉ាងទៀត កូនជ្រូកពូជសាច់ក៏បានឡើងថ្លៃពី ៧០ ទៅ ១០០ដុល្លារក្នុងមួយក្បាល ព្រមទាំងការចំណាយបន្ថែមលើ ការលើកកម្ពស់ជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹមសត្វដើម្បីការពារជំងឺឆ្លងសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក (ការបាញ់ថ្នាំសម្លាប់មេរោគ ការប្រើប្រាស់ជំនាញបន្ថែម)។
បើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពជួបវិបត្តិសកលជំងឺកូវីដ១៩ ក៏តម្លៃជ្រូក រស់ក្នុងស្រុកមិនមានការប្រែប្រួលខ្លាំងនោះឡើយគឺស្ថិតនៅក្នុងចន្លោះពី ១២ ៥០០រៀល ទៅ ១៣ ៦០០ រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមតំបន់នីមួយៗ ហើយតម្លៃជ្រូកសាច់នាំចូលបានលក់ថោកជាង ចន្លោះពី ១០០រៀល ទៅ២០០រៀល ក្នុងមួយគីឡូក្រាម ពីជ្រូកសាច់រស់ក្នុងស្រុក។ ចំពោះតម្លៃសាច់ ជ្រូកនៅលើទីផ្សារបានប្រែប្រួលចន្លោះពី ២៣ ៥០០រៀល ទៅ ២៦ ៣០០រៀលក្នុងមួយគីឡូក្រាម។
ដោយសារស្ថិរភាពថ្លៃជ្រូកសាច់រស់ជិតពីរឆ្នាំចុងក្រោយនេះ បានធ្វើឱ្យផលិតកម្មជ្រូកមានការកើនឡើង សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានធ្វើការបោះទុនវិនិយោគបន្ថែមលើការចិញ្ចឹមជ្រូកជាលក្ខណៈ ពាណិជ្ជកម្មកាន់តធំ និងទំនើប។ ជាក់ស្ដែងក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ នេះ ការសុំបង្កើតកសិដ្ឋាន ចិញ្ចឹម ជ្រូកមានចំនួន៦១កន្លែង ក្នុងនេះមានកសិដ្ឋានចិញ្ចឹមពូជជ្រូកចំនួន៧កន្លែង និងកសិដ្ឋានចិញ្ចឹម ជ្រូកសាច់ចំនួន ៥៤កន្លែង ហើយការនាំចូលពូជជ្រូកមេ បាចំនួន ១៦ ៤០០ក្បាល និងកូនជ្រូកពូជចំនួន ៧៨ ២៥០ក្បាល។ ការផ្គត់ផ្គង់ជ្រូកសាច់រស់នៅក្នុងស្រុកបានរហូតដល់៨៥% លទ្ធផលដ៏ល្អនេះគឺបាន មកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏ដូច ជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែពិភាក្សារិះរកដំណោះស្រាយសមស្រប ដើម្បីលើកទឹក ចិត្តដល់ការចិញ្ចឹមជ្រូកក្នុងស្រុក ឆ្លើយតបតម្រូវការទីផ្សារ និងឈានឆ្ពោះទៅការ នាំចេញនៅពេលខាងមុខ ដ៏ខ្លី។ លើសពីនេះទៅទៀត សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ដូចជាប្រជាកសិករ អ្នកចិញ្ចឹមសត្វបានសាទរ គាំទ្រ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានយកចិត្តទុកដាក់រក្សាបាននូវស្ថិរភាពតម្លៃជ្រូករស់ និងធ្វើឱ្យអ្នកចិញ្ចឹមជ្រូកមានឆន្ទៈក្នុងផលិត ជាបន្តទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា សាធារណជន កសិករ អាជីវករ និងពាណិជ្ជករ ជាពិសេសសារព័ត៌មានទាំងអស់ បានជ្រាប បានយល់ បានដឹង ហើយអ្នកសារព័ត៌នឹងមិនចុះផ្សាយព័ត៌មានមិនពិតតទៅទៀតតាមការញុះញុងរបស់ បុគ្គលម្នាក់ដែលមានបំណងនាំជ្រូកចូលពីបរទេសមកចាក់ចោលបំផ្លាញដល់ការចិញ្ចឹមសត្វនៅព្រះរាជាណាចក្រកម្ពុជា តទៅទៀត ហើយរាល់ការចុះផ្សាយព័ត៌មិនពិតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖