ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុង​មានកំណកដីកម្រាស់ជិត១តឹកហើយ​អាជ្ញាធរ​ស្រុកកោះសូទិននៅមិន​ យកចិត្តទុកដាក់មេីលថែទៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ រូបភាពនេះ​បង្ហាញពីទម្លាប់អាក្រក់បំផុតរបស់ម្ចាស់ការដ្ឋានខ្លះ ដែលគ្មានគិតពីការលំបាករបស់អ្នកដទៃ គឺគិតតែប្រយោជន៍ខ្លួនឯង​ សំខាន់ឱ្យតែបានលុយដោយមិនខ្វល់ពីអនាម័យ បរិស្ថាន  សោភណភាពក្នុងទីក្រុងនោះទេ ខណ:​ដែលអាជ្ញាធរ​ពាក់ព័ន្ធ​ក៏មិន​ខ្វល់ពីការទទួលខុសត្រូវក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន​ដែរ។ 

កង្វល់ក្នុងចិត្តរបស់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានភូមិផ្សារថ្មី(ផ្សារលើ) ឃុំពាមប្រធ្នោះ ស្រុកកោះសូទិនអំពីរឿងកំណកដីដ៏ក្រាស់នៅលើផ្លូវបេតុងនេះ ពួកគាត់បានធ្វើសំណូមពរទៅអាជ្ញាធរខេត្តកំពង់​ចាម សូមមេត្តាជួយពិនិត្យមើលផ្លូវបេតុងមួយខ្សែឆ្លងកាត់ភូមិផ្សារថ្មី(ផ្សារលើ)ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នេះផង​ ព្រោះពួកឈ្មួញរកសុីដឹកដីកពុងតែបំផ្លាញផ្លូវនិងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាខ្លាំង។ 

បញ្ហានេះ​ប្រជាពលរដ្ឋ​បានលេីកឡេីងថា​    អ្នកធ្វើដំណើរតាមផ្លូវបានធ្វើការរិះគន់ទៅលើក្រុមហ៊ុនរកស៊ីដឹកដី និងអាជ្ញាធរ​មូលដ្ឋានថា មិនបានយកចិត្តទុកដាក់ នាំឲ្យផ្លូវបេតុងមួយខ្សែនេះពោរពេញដោយកំណកដី ដែលនាំឲ្យអ្នកជិះម៉ូតូរអិលដួលស្ទើរតែគ្រប់ៗគ្នា​ ពេលខ្លះអាចប្រឈមនឹងគ្រោះថ្នាក់​ចរាចរណ៍​បាត់បង់ជីវិត​ក៏អាចថាបាន​ដែរ ។ 

ទិដ្ឋភាព​នៃការអាចនឹងនាំឱ្យកេីតមានគ្រោះ​ថ្នាក់​ចរាចរណ៍​នេះត្រូវបានប្រជា​ ពលរដ្ឋ​ថតរូបទុកជា​វត្ថុ​តាង​ដេីម្បី​ស្នេីទៅលោក​អភិបាលខេត្តមេត្តាជួយមើលផង ព្រោះថ្នល់បេតុងមានដីកម្រាស់ជិត១តឹកហើយ អាជ្ញាធរដូចមិនរវល់សោះ(យ៉ាងណាក៏គួរស្រោចទឹកឬកៀរដីចេញខ្លះផង ទោះបីភ្លៀងយប់ក៏ថ្ងៃហុយដែរ) ឬមួយអាងអាជីវកម្មមានច្បាប់?  សូមមេត្តាយល់ពីសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋផង៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖