ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ បុរសជនជាតិខ្មែរ ឈ្មោះ សៀក សៀ អាយុ៤៨ឆ្នាំ នៅភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ បុរសរូបនេះ មានប្រវត្តិ ព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បុរសរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយ ដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៤:១៥នាទី។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ សៀក សៀ អាយុ ៤៨ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ វណ្ណៈ