ព័ត៌មានទាន់ហេតុការណ៍៖

មើលមុខឲ្យហើយបងប្អូន ! ប្រុសស្អាត ជាមេខ្លោងធំៗ៤នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D នៅខេត្តកោះកុង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ !

ចែករំលែក៖

ខេត្តកោះកុង៖  អំពើទុច្ចរិត យូរនឹងឆាប់ ចៀសមិនផុតពីគុកទេ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ផលឲ្យទាន់ហន់ណាស់ ! កុំព្រហើនរកស៊ីតែជំនាញបោកប្រជាពលរដ្ឋស្លូតត្រង់អី គាត់រកប្រាក់លំបាកណាស់ ហើយអ្វីលំបាកជាងការរកប្រាក់ គឺចាញ់បោកពួកក្រុមជនសង្ស័យទុច្ចរិតទាំងនេះ សែនឈឺចិត្ត ស្អិតទ្រូងបំផុត ។ 

សូមជម្រាបថា, បើតាមដំណឹងពីខេត្តកោះកុង បានអោយដឹងថា, មេខ្លោងធំៗ៤នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D កាលពីសប្តាហ៍មុន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ពួកគេទាំង៤នាក់ កំពុងបញ្ជូនឲ្យទៅសម្រាន្តនៅពន្ធនាគារ ។ 

តាមប្រភពព័ត៌មាន បានអោយដឹងថា មេខ្លោងធំៗ៤នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D រួមមាន ៖

ទី១,ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន B.I.D

ទី២,ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន B.I.D

ទី៣,ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកផ្តល់ប្រាក់

ទី៤,ឈ្មោះ ជិន ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាបក្ខពួក

មេខ្លោងធំៗទាំង៤នាក់ នេះ ត្រូវបានលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ បានសម្រេចចោទប្រកាន់ពីបទ «ឆបោក» (ជាក្រុមមានការចាត់តាំង) ប្រព្រឹត្តនៅចំណុចអូរស្រីស្រណោះ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលអំឡុងខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា៣៧៧ និង មាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ ។

តាមអង្គហេតុនៃសំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មាន បញ្ជាក់ប្រាប់ ថា កាលពីអំឡុងចុងឆ្នាំ២០១៩ និង ដើមឆ្នាំ២០២០ មានបក្ខពួកមួយក្រុម ឈ្មោះ ជិន ឆៃយ៉ា ឈ្មោះ លី វាសនា ឈ្មោះ ឡាយ សុគន្ធា និង ឈ្មោះ លី ប៊ុនរដ្ឋថី បានឃុបឃិតជាមួយក្រុមហ៊ុន B.I.D ដែលមានអគ្គនាយកឈ្មោះ បាន បញ្ញា និង អគ្គនាយករងឈ្មោះ ភន ទីគា យកដីក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃតាតៃ ដោយបង្កើតគម្រោងឈូសឆាយ បានបំពេញដីក្នុងរូបភាពពុះដីឡូតិ៍លក់ ដើម្បីយកប្រាក់ចែកគ្នា នៅលើផ្ទៃដីទំហំជិត៥ហិកតា ។

បន្ទាប់ពីប្រមូលប្រាក់ពីអ្នកទិញបានជាច្រើនម៉ឺនដុល្លាររួចមក ក្រុមទាំងនេះក៏បានគេចវេស និង គេចខ្លួនជាបន្តបន្ទាប់ ទើបខាងជនរងគ្រោះជាអតិថិជនដីឡូតិ៍នេះ ដាក់ពាក្យបណ្តឹងតែម្តង។

សូមបញ្ជាក់ផងដែរថា, បច្ចុប្បន្នក្រុមជនទុច្ចរិត មានវិធីបោកប្លែកៗ ,ទាំងពីការលក់ដីឡូតិ៍, ការនាំចូលរកស៊ីចូលហ៊ុន ,សហការលក់ផលិតផល , និយាយរួមមានសព្វ មានគ្រប់ ។ ដូច្នេះសូមបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះល្បិចកលនៃជនខិលខូចទាំងនេះ ព្រោះពួកគេមានចេតនាទុច្ចរិតគិតទុកជាមុន និងមានវិធីសាស្ត្រក្នុងការបោកយ៉ាងស្ទាត់ជំនាញ ហើយប្លែកៗគ្រប់រូបភាព៕


ដោយ ៖ សិលា


ចែករំលែក៖