ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាប្រធានាធិបតីហៃទី ត្រឡប់ទៅប្រទេសវិញជាមួយនឹងអាវការពារគ្រាប់

ចែករំលែក៖

លោកស្រី Martine Moise ភរិយាប្រធានាធិបតីប្រទេសហៃទីដែលត្រូវគេធ្វើឃាតនោះបានវិលត្រឡប់ទៅប្រទេសវិញហើយនៅថ្ងៃទី១៧ខែកក្កដា ក្រោយពីបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យអាមេរិក ដោយសាររងរបួសធ្ងន់នៅក្នុងការវាយប្រហារធ្វើឃាតស្វាមីរបស់លោកស្រីកាលពីដើមខែនេះ។
សារព័ត៌មាន AP របស់អាមេរិក បានផ្សាយថា លោកស្រី Martine Moise បានពាក់អាវការពារគ្រាប់ ហើយដៃមានរុំរបួសបង្ហាញវត្តមាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Toussaint Louverture ក្នុងរដ្ឋធានី Port-au-Prince នាថ្ងៃទី១៧ខែកក្កដា។ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Claude Joseph និងមន្ត្រីជាច្រើនរូបទៀតបានទៅទទួលលោកស្រី។ ក្បួនរថយន្តការពារលោកស្រីយ៉ាងតឹងតែងក្រោយពីស្វាមីរបស់លោកស្រីគឺប្រធានាធិបតី Jovenel Moise រងការធ្វើឃាតនៅក្នុងផ្ទះនាថ្ងៃទី៧ ខែកក្កដា ។
ការវិលត្រឡប់ទៅប្រទេសវិញរបស់លោកស្រី Martine Moise ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្ងើលយ៉ាងខ្លាំង ក្នុងពេលប្រទេសដែលមានពលរដ្ឋជាង១១លាននាក់ប្រឈមនិេងបញ្ហាជាច្រើនក្រោយប្រធានាធិបតីរងការធ្វើឃាត។ បាតុកម្មកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ អំពើហិង្សា ការឆក់ប្លន់បានកើតឡើង ក្រោយប្រធានាធិបតីរងការធ្វើឃាត។
រដ្ឋាភិបាលហៃទីបានប្រកាសនៅថ្ងៃទី ១៦ខែកក្កដាថា ពិធីបុណ្យសពរបស់អតីតប្រធានាធិបតី Martine Moise នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ខែកក្កដាខាងមុខ៕

ដោយ៖ធីរីណា(រូបថត៖AP)


ចែករំលែក៖