ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានដែលទទួលបាននៅថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២១នេះថា មានករណីប្រទះឃើញគ្រាប់បែកដៃ និងគ្រាប់កាំភ្លើងជាងចំនួន៣០គ្រាប់ចាស់ៗ នៅក្នុងបរិវេណផ្ទះមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ពីខាងក្រោយឆៀងខាងជើងរបងបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិផងដែរ។ បន្ទាប់ពីប្រទះឃើញគ្រាប់បែកដៃ និងគ្រាប់កាំភ្លើងទាំងអស់នេះ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានរាយការណ៍ទៅមន្ត្រីកងឯកភាពកំចាត់មីនទី៤ នៃខេត្តសៀមរាប ដើម្បីយកទៅរក្សាទុក។
ករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
បើតាមប្រភពព័ត៌មានពីមន្រ្តីដដែលបន្តថា បានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ តាន់ ភក្ត្រា អាយុ៤៥ឆ្នាំ ជាមន្រ្តីនគរបាលផ្នែកចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត មានអាសយដ្ឋានក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានប្រទះឃើញមានគ្រាប់បែកដៃប្រភេទ No-36 ចំនួន៣គ្រាប់ និងគ្រាប់កាំភ្លើងមិនស្គាល់ប្រភេទចំនួន៣០គ្រាប់ ដែលជារបស់ចាស់ៗ ខណៈពេលដែលគាត់កំពុងតែជីកដីដំណាំ (ជី និងគល់ស្លឹកគ្រៃ ) នៅកៀនរបងក្នុងបរិវេណផ្ទះរបស់គាត់។ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើកំណត់ហេតុប្រគល់គ្រាប់បែកដៃប្រភេទ No-36 ចំនួន៣គ្រាប់ និងគ្រាប់កាំភ្លើងមិនស្គាល់ប្រភេទចំនួន៣០គ្រាប់ បានប្រគល់ជូនកម្លាំងមន្ត្រីជំនាញកងឯកភាពកំចាត់មីនទី៤(ស៊ីម៉ាក់ ) នៃខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព រង់ចាំកម្ទេចចោល៕ដោយ៖សហការី