ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ផ្សារលក់បន្លែ ត្រី សាច់មួយកន្លែង ” ផ្សារ ហ៊ុយឡេង) ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បន្ទាប់ពីមានករណីរកឃើញវិជ្ជមានកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះ។
ក្រោយពីមានការរកណីរកឃើញវិជ្ជមាន ហើយក៏បានសម្រេចបិទខ្ទប់ផ្សារខាងលើ ដែលដឹកនាំដោយផ្ទាល់ លោក អ៊ុំ រាត្រី អភិបាលខេត្ត នឹងជាប្រធានគណៈបញ្ជការឯកភាពខេត្ត បន្ទាយមានជ័យ រួមនឹងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ កងកម្លាំង បានចុះបិទច្រកចេញចូលផ្សារខាងលើ ដើម្បីប្រមូលបងប្អូនអាជីវករលក់ដូរក្នុងផ្សារនិងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកសំណាកធ្វើតេស្តរហ័សរកកូវីដ-១៩ (Rapid Test ) នឹងបានដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ចូលក្នុងសហគមន៍។
តាមការបញ្ជាក់ពី លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ បានឲ្យដឹងថា ៖ គិតត្រឹម ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរបានប្រមូលអ្នកពាក់ព័ន្ធ ទាំងអាជីវករដែលលក់ក្នុងផ្សារ ហ៊ុយឡេង មានចំនួន៤៤៦នាក់/២៩២នាក់ ក្រោយពីបានធ្វើតេស្តរហ័ស (Rapid Test) លទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់/ស្រី៦នាក់។
ជាមួយគ្នានោះ លោក អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវមានប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីការចម្លងជម្ងឺកូវីដ-១៩ចូលក្នុងក្រុមគ្រួសារ និងសហគមន៍ ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានការ “៣ការពារ ៣កុំ ” ឲ្យបានគ្រប់ពេល ពិសសសូមបងប្អូនចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ទាំងអស់គ្នា ក៏ដូចជារួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា៖ នៅថ្ងៃទី១៨ ខែកក្កដា នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណបុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន៨៨នាក់ ក្នុងក៏មានអ្នកជាសះស្បើយចំនួន៣៦៨នាក់ ។ ចាប់ពីមានព្រឹត្តិការសហគមន៍ ២០ កុម្ភៈ មក គិតត្រឹម យប់ថ្ងៃទី១៨ ខែកក្កដា អ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៦១នាក់/ស្រី២៩នាក់៕
ដោយ ៖ វណ្ណា