ព័ត៌មានទាន់ហេតុការណ៍៖

ជា លាងឈែ ស្នើឲ្យទស្សនិកជនគាំទ្រផង រិះគន់ផងដើម្បីគុណភាពភាពយន្តខ្មែរក្រោយគណនីហ្វេសប៊ុកធំៗប្រកាសលែងគាំទ្រតារាថៃ

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះអ្នកលេងបណ្តាញសង្គមជាច្រើននៅកម្ពុជាបានថ្លែងប្រតិកម្ម ដោយការមិនពេញចិត្តក្រោយពីទទួលបានដំណឹងថាប្រទេសថៃបានសំងំសាងសង់ប្រាសាទមួយដែលចម្លងចេញពីប្រាសាទអង្គរវត្តរបស់កម្ពុជា ។ក៏ប៉ុន្តែករណីនេះត្រូវបានអ្នកគ្រប់គ្រងវត្តមួយនៅប្រទេសថៃចេញមុខបដិសេធ ខណៈដែលនៅកម្ពុជាមានអ្នកលេងបណ្តាញសង្គមក៏នៅតែបន្តបង្ហាញសារមិនសប្បាយចិត្តចំពោះរឿងនេះ រហូតមានក្រុមអ្នកនិយមផ្សព្វផ្សាយ និងគាំទ្រវិស័យសិល្បៈនៅប្រទេសថៃមួយចំនួនបានចេញមុខប្រតិកម្ម និងប្រកាសបញ្ចប់ការផ្សព្វផ្សាយពីសិល្បៈថៃបន្តនោះ។

រឿងរ៉ាវទាំងនេះក៏បានធ្វើឲ្យតារាសម្តែងប្រុស លោក ជា លាងឈែ បានចេញមុខបញ្ជាក់អំពីរឿងរ៉ាវខ្លះជុំវិញគុណភាពភាពយន្តខ្មែរនៅមានកម្រិត ដើម្បីភ្ជាប់ទៅនឹងករណីខាងលើ។ តារាប្រុសរូបនេះបញ្ជាក់ថា ភាពយន្តក្នុងស្រុកមិនទាន់ឡើងដល់កម្រិតខ្ពស់ខ្លាំង ហើយលោកក៏ស្នើឲ្យទស្សនិកជនជួយរិះគន់ក្នុងន័យស្ថាបនាដើម្បីឲ្យភាពយន្តខ្មែរកាន់តែមានគុណភាព។ តារាប្រុសស្រស់សង្ហារូបនេះថ្លែងថាលោកពិតជារីករាយដែលក្រុមអ្នកគាំទ្រតារាថៃមួយចំនួនបានបង្ហាញពីជំហរក្នុងការងាកមកគាំទ្រកាន់តែខ្លាំងលើភាពយន្តខ្មែរ។ លោកថា ជារបត់ថ្មីមួយដែលពួកគាត់ក៏អាចបង្ហាញពីសកម្មភាពទាំងអស់របស់សិល្បករ ផលិតករខ្មែរ ទាំងចំណុចល្អ និងការរិះគន់ក្នុងន័យស្ថាបនា ព្រោះតែពាក្យរិះគន់ស្ថាបនារបស់គាត់នឹងកាន់តែធ្វើឲ្យភាពយន្តខ្មែរមានគុណភាព។ លោកថាភាពយន្តខ្មែរចាយទុនមានកម្រិត ហើយយើងក៏ជាធ្វើភាពយន្តដែលមានគុណភាពប្រសិនបើទុនចំណាយខ្ពស់ដូចកុនបរទេសនោះ ប៉ុន្តែប្រសិនបើយើងយកខ្ទង់ចំណាយដែលផលិតនៅកម្ពុជាទៅឲ្យផលិតករបរទេសផលិតគឺច្បាស់ណាស់មិនអាចផលិតបាននោះទេ។ លោកថាការរិះគន់របស់ទស្សនិកជនគ្រប់ចំណុចគឺជាអ្វីដែលធ្វើឲ្យវិស័យភាពយន្តនៅកម្ពុជាកាន់តែរីកចម្រើនព្រោះតែពួកគាត់បានទស្សនាភាពយន្តច្រើន ហើយផលិតករក៏គួរតែពិចារណាទៅលើការរិះគន់ទាំងនោះដែរដើម្បីកែប្រែកំហុសឆ្គងរបស់ខ្លួន ហើយលោកពិតជាពេញចិត្តដែលទស្សនិកជនរិះគន់ចំចំណុចពិសេសទៅលើការចម្លងសាច់រឿងនោះជាដើម។ តារាសម្តែងរូបនេះលើកឡើងដែរថាមានចលនាក្នុងការun Follow Page គណនីយហ្វេសប៊ុកតារាថៃខ្លះព្រោះតែការមិនពេញចិត្តនឹងរឿងដែលកើតមានឡើងកាលពីពេលថ្មីៗនេះព្រោះវាគឺជាសិទ្ធិរបស់គាត់ដើម្បីបង្ហាញពីឆន្ទៈជាតិនិយម។ 

គេរំពឹងដែរថាក្រោយលេចប្រតិកម្មទាំងនេះទស្សនិកជន និងងាកមកចាប់អារម្មណ៍កាន់តែខ្លាំងលើវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ន និងបន្តរិះគន់ដើម្បីស្ថាបនាភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពប្រកួតប្រជែង៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖