ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា​ ប្រគល់ថវិកា​ ១០ម៉ឺនដុល្លារអាមេរិក​ ជូន​ កាកបាទក្រហមវៀតណាម​ ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ​ ទី​១៩​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា​ ដឹកនាំដោយ​ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​​ បាននាំយកថវិកាចំនួន​ 100,000 ដុល្លារអាមេរិក​ ប្រគល់ជូន​កាកបាទក្រហមវៀតណាម​ តាមរយៈ​ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ប្រចាំនៅកម្ពុជា​ ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ​ លោកស្រី អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលសូមចូលរួមសម្តែងនូវក្តីព្រួយបារម្ភជាមួយនឹង​ ប្រជាជន​ កាកបាទក្រហម​ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសវៀតណាម​ ដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩​ ក្នុងប្រទេសវៀតណាម​ ជាពិសេស​នៅក្នុងទីក្រុងហូជីមិញ។

ជាមួយគ្នានេះ​ កាកបាទក្រហមកម្ពុជា​ សូមសម្តែងនូវការកោតសរសេីរចំពោះ​ បុគ្គលិក​ អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមវៀតណាម​ និងក្រុមគ្រូពេទ្យវៀតណាម​ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លេីយតប​ ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវីដ-១៩​ នៅប្រទេសវៀតណាម​ និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ឱ្យឆាប់បានរលាយសាបសូន្យពីភពផែនដីយេីងនេះ។ 

ស្ថិតក្នុងឱកាសនោះដែរ​ លោក VU QUANG MINH ឯកអគ្គរដ្ឋទូតវៀតណាម​ ប្រចាំនៅកម្ពុជា​ ជំនួសមុខឱ្យកាកបាទក្រហមវៀតណាម​ រដ្ឋាភិបាល​ និងប្រជាជនវៀតណាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ កាកបាទក្រហមកម្ពុជា​ ដែលបានជួយឧបត្ថម្ភថវិកា​សប្បុរសធម៌​ ដែលនេះបានបង្ហាញពី​ចំណងមិត្តភាព​ សាមគ្គីភាព​ ក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។ 

ទន្ទឹមនឹងនេះ​ លោក សូម​ថ្លែងអំណរគុណ​ និងកោតសរសេីរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលតែងតែជួយចែករំលែក​ ចំពោះប្រទេសដែលជួបការលំបាក​ ដូចជាប្រទេស​ឡាវ​ នេប៉ាល់​ មីយ៉ានម៉ា​ និងប្រទេសវៀតណាមជាដេីម​​ ហេីយ​ស្ថិតក្នុងស្ថានភាពដែលទីក្រុងហូជីមិញ​ កំពុងឆ្លងរីករាលដាលនេះដែរ​ ប្រទេស​វៀតណាម​ សូមរៀនសូត្រពីកម្ពុជា​ អំពីយុទ្ធសាស្ត្រ​ និងវិធានការនានា​ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះផងដែរ។ លោក បានបញ្ជាក់ទៀតថា​​ ប្រទេសកម្ពុជានឹងស្ថិតនៅក្នុងបេះដូង​របស់ប្រទេសវៀតណាមជានិច្ច​ ហេីយវៀតណាម​ នឹងបន្តខិតខំ​ ប្រឹងប្រែង​ ជំរុញ​កិច្ចសហប្រតិបត្តិការ​ សាមគ្គីភាព​ កសាងប្រទេសទាំង២​ ឱ្យមានសន្តិភាព​ ការអភិវឌ្ឍជានិរន្តរ៍។

សូមរំលឹកថា​ កាលពីថ្ងៃទី​ ៩​ ខែកក្កដា​ ឆ្នាំ២០២១​ កន្លងទៅនេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ក៏បានឧបត្ថម្ភថវិកា​ 50,000 ដុល្លារអាមេរិក​ ជូនកាកបាទក្រហមនេប៉ាល់​ ដេីម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ដែលកំពុងរាតត្បាតនៅប្រទេសនេប៉ាល់ផងដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖