អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានប្រកាសថា៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស នឹងចំណាយពេលចំនួន ១០ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីលោកបានជាប់ទាក់ទងជាមួយនឹងករណីឆ្លងជំងឺ COVID-19។ ហើយនេះជាការច្រានចោល នូវការលើកឡើងពីដំបូងថា៖ លោកមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ។
បើតាមការិយាល័យ Downing Street នៃនាយករដ្ឋមន្រ្តីអង់គ្លេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ លោក Boris Johnson និងរដ្ឋមន្ត្រីរតនាគារ លោក រីហ្ស៉ី ស៊ូណេក (Rishi Sunak) ត្រូវបានជូនដំណឹងទាំងយប់ដោយកម្មវិធីតាមដាន និងធ្វើតេស្តរកជំងឺ COVID-19 តាមរយៈទូរស័ព្ទដៃថា ពួកលោកបានចូលរួមកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុនជាមួយរដ្ឋមន្រ្តីសុខាភិបាល លោក សាជីដ ចាវីដ (Sajid Javid) ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ លោក Sajid Javid ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយនោះបាននិយាយថា លោកកំពុងមានរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ។
សូមជម្រាបថា តាមរយៈកម្មវិធីខាងលើនេះ អ្នកដែលត្រូវបានជូនដំណឹង គឺត្រូវតែធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១០ថ្ងៃ បើទោះបីជាវាមិនមែនជាតម្រូវការស្របច្បាប់ក៏ដោយ។ ប៉ុន្តែការិយាល័យ Downing Street កាលពីដំបូងឡើយបាននិយាយថា លោក Boris Johnson និងលោក Rishi Sunak នឹងធ្វើការតេស្តរកជំងឺ COVID-19 ជាប្រចាំថ្ងៃ ជំនួសឱ្យការធ្វើចត្តាឡីស័កវិញ។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានការតវ៉ា និងរិះគន់ពីសំណាក់អ្នកនយោបាយជាច្រើននាក់ លោក Boris Johnson បានផ្លាស់ប្តូរការសម្រេចចិត្តនេះវិញ។
បន្ថែមពីនេះ ការិយាល័យ Downing Street បានសង្កត់ធ្ងន់ថា៖ លោក Boris Johnson នឹងធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃនៅឯវិមាន ឈែកឺស៍ (Chequers) ដែលជាគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី ខណៈលោក Rishi Sunak ក៏នឹងចូលរួមធ្វើចត្តាឡីស័កដោយខ្លួនឯងផងដែរ៕ដោយ៖ស តារា

រូបភាព៖WPA Pool
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច