ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះសុីទែនសាំងបណ្តាលឱ្យបុរសជាងផ្សារដែកម្នាក់បានស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ពេលកំពុងតែផ្សារដែកសុីទែនសាំង(ពុំមានសាំងទេគ្រាន់តែនៅជាប់សារធាតុបន្តិចបន្តួច) នៅទីតាំងប្រេងឥន្ធនៈ សូគីមិច ដែលកំពុងជួសជុលឡើងវិញ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចប្រេងឥន្ធនៈសូគីមិច ម្ដុំបុរីកីឡា តាមបណ្ដោយផ្លូវលេខ២១១កែងផ្លូវលេខ១៨២ ក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា។

សពជនរងគ្រោះឈ្មោះ ជា កុសល អាយុ៣៧ឆ្នាំ រស់នៅភូមិពាម ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសដែលស្លាប់គឺជាជាងផ្សារដែកបានចូលមកផ្សារដែកសុីទែនសាំងនៅក្នុងឃ្លាំងកំពុងជួសជុលឡើងវិញ។ ខណៈកំពុងផ្សារស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីខាងក្នុងឃ្លាំង ធ្វើឱ្យកម្មករផ្សេងៗទៀតបានរត់ចូលទៅមើលឃើញបុរសជាងផ្សារដែកបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ រួចបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យដល់ទីតាំងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្រ្តីជំនាញសុខាភិបាល ចុះមកយកសំណាកនិងពិនិត្យធ្វើកោសល្យវិច័យសព រួចប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖