ខេត្តព្រះសីហនុ៖ បើតាមមន្ត្រីជំនាញជលផលខេត្តព្រះសីហនុ បានថ្លែងនៅថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ ត្រីផ្សោតសមុទ្រមួយក្បាល ងាប់អណ្តែតលើផ្ទៃសមុទ្រមកទើរនៅឆ្នេរពយជំទាវម៉ៅ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដានេះ។
មន្ត្រីជលផល បានថ្លែងបន្តថា យោងតាមការពិនិត្យរបស់មន្រ្តីជំនាញ បានគូសបញ្ជាក់ថា ត្រីផ្សោតនេះមានទម្ងន់ប្រហែលជិត១០០គីឡូក្រាម ត្រីនេះមានបណ្តោយ២,២៤ម. ទទឹង០,៦០ម ជាប្រភេទ ផ្សោតឃ្លៀច (Indo-Pacific humpoback dolphin)ឈ្មោល។
ក្រោយកេីតហេតុ យោងតាមការសន្និដ្ឋានពីមន្ត្រីជំនាញជលផល បានបញ្ជាក់ថា ត្រីផ្សោតឃ្លៀចនេះ បានងាប់ដោយសារជាប់ឧបករណ៍នេសាទ(មង)របស់ប្រជានេសាទសមុទ្រ។
គួរបញ្ជាក់ថា ផ្សោតប្រភេទនេះ មាននៅតំបន់កោះព្រីង , ឆ្នេរខែមខាងមុខឆ្នេររាម ,ប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ៕ដោយ៖សហការី