ព័ត៌មានទាន់ហេតុការណ៍៖

FA ប្រកាសត្រួតពិនិត្យជាឯករាជ្យលើការប្រើហិង្សានៅកីឡដ្ឋានWembley អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០២០

ចែករំលែក៖

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) បានអះអាងថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការធានានូវ“ឈុតឆាកគួរឱ្យស្អប់ខ្ពើម” ដែលបានកើតឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ មិនដែលអាចកើតឡើងម្តងទៀតឡើយនោះគឺការប្រើហិង្សារវាងអ្នកគាំទ្រក្រុមទាំង២

រដ្ឋបាលគ្រប់គ្រងកីឡដ្ឋានបានប្រកាសកាលពីថ្ងៃចន្ទថា ការពិនិត្យឡើងវិញជាឯករាជ្យមួយដែលស៊ើបអង្កេតការរំលោភលើបញ្ហាសន្តិសុខគឺត្រូវធ្វើឡើង។ ការប្រើហិង្សានោះគឺអ្នកគាំទ្របានប្រយុទ្ធជាមួយអ្នកបម្រើនិងប៉ូលីស ខណៈដែលពួកគេបានព្យាយាមបំបែកហ្វូងបាតុករតាមច្រកទ្វារនៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី១១ ខែកក្កដា។

សេចក្តីថ្លែងការណ៍របស់ FA បានបន្តថា យើងប្តេជ្ញាស្វែងយល់ឲ្យបានពេញលេញនូវអ្វីដែលបានកើតឡើងនៅខាងក្រៅ ហើយបន្ទាប់មកនៅខាងក្នុងពហុកីឡដ្ឋាន Wembley

សហព័ន្ធបាល់ទាត់ FA ត្រូវទទួលការចោទប្រកាន់ចំនួន៤ករណីពីសំណាក់ UEFA ជុំវិញអាកប្បកិរិយារបស់អ្នកគាំទ្រ។ ការចោទប្រកាន់ទាក់ទងនឹងការរំខានដែលបង្កឡើងក្នុងកំឡុងពេលគោរពបទចំរៀងជាតិ, ការលុកលុយនៅទីលាន​, ការបោះចោលវត្ថុ និងការបំភ្លឺកាំជ្រួចដោយអ្នកគាំទ្រ។ លើសពីនេះទៀតអ្នកត្រួតពិនិត្យក្រមសីលធម៌ និងអធិការកិច្ចរបស់ UEFA ត្រូវបានតែងតាំងឱ្យធ្វើការស៊ើបអង្កេតវិន័យលើព្រឹត្តិការណ៍នានាដែលពាក់ព័ន្ធនឹងអ្នកគាំទ្រដែលបានកើតឡើងនៅខាងក្នុង និងជុំវិញពហុកីឡដ្ឋាន។

រដ្ឋបាល FA បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញពេញលេញបន្ទាប់ពី“មនុស្សស្រវឹងដ៏ច្រើន” បានព្យាយាមបង្ខំពួកគេចូលទៅកាន់កីឡដ្ឋាន Wembley ដោយគ្មានសំបុត្រ

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា យើងបន្តធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវ និងឲ្យពួកគេទទួលខុសត្រូវ” ។

នាយកប្រតិបត្តិសមាគមកីឡាបាល់ទាត់អង់គ្លេសលោក Mark Bullingham បានសុំអភ័យទោសចំពោះអ្នកគាំទ្រស្របច្បាប់ និងបាននិយាយថា ក្រុមសន្តិសុខមិនដែលឃើញមានអ្វីកើតឡើងដូចនោះទេ។លោកបន្តថា សហព័ន្ធនឹងធ្វើការជាមួយប៉ូលិសដើម្បីហាមឃាត់អ្នកណាម្នាក់ដែលបានបង្ខំចិត្តចូល និងការពារព្រឹត្តិការណ៍បែបនេះដែលកើតឡើងម្តងទៀត។

គួររំលឹកថា ក្រុមជម្រើសជាតិអង់គ្លេសបានចាញ់ក្រុមជម្រើសជាតិអុីតាលីនៅវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី ក្រោយពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ១-១ បន្ទាប់ពីម៉ោងបន្ថែម

ដោយ ៖ ភារៈ(រូបភាព៖ BBC Sport)


ចែករំលែក៖