ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យរៀបចំ ទីតាំង សម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាល ព្រះសង្ឃដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅវត្តសីហរតនារាម ក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក  អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក កង អាណាន់ អភិបាល ក្រុងដូនកែវ និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យរៀបចំទីតាំង កន្លែងសម្រាប់ធ្វើ ចត្តាឡីស័ក្ដ និងកន្លែងសម្រាកព្យាបាល ព្រះសង្ឃ ដែលរកឃើញវិជ្ជមានកូវីដ១៩ ក្នុងវត្ត សីហរតនារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

មានប្រសាសន៍នៅក្នុងឱកាសចុះពិនិត្យនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើ ការណែនាំដល់ អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញសុខាភិបាល ត្រូវរួមសហការគ្នារៀបចំ កន្លែងសម្រាប់ធ្វើចត្តាឡីស័ក ព្រះសង្ឃដែលប៉ះពាលផ្ទាល់ ឬប្រយោលទាំងអស់ និង កន្លែងសម្រាប់ព្យាបាល ព្រះសង្ឃដែលមានវិជ្ជមានកូវីដ១៩ ឱ្យបានត្រឹមត្រូវ ស្របតាម បច្ចេកទេសសុខាភិបាល ។

លោកអភិបាលខេត្ត បានបន្តថា ចំពោះព្រះសង្ឃដែលគង់ ក្នុងវត្តសីហរតនារាម ទាំងអស់ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ផ្ដល់សំណាកដើម្បីធ្វើ តេស្ដរកវីរុសកូវីដ១៩ ជាពិសេសគណៈកម្មការធិការវត្ត ត្រូវផ្សព្វផ្សាយ វិធានការសុខា ភិបាល និងអនុវត្តវិធានការ ៣ការពារ និង៣កុំ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី និងធ្វើការណែនាំដល់ព្រះសង្ឃគ្រប់អង្គ ត្រូវមានទម្លាប់ ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឱ្យបានញឹកញាប់  ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

សូមបញ្ចាក់ដែរថា កាលពីយប់ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ នៃការិយាល័យស្រុកប្រតិបត្តិដូនកែវ បានចុះយកសំណាកលើព្រះសង្ឃចំនួន ២០អង្គ ដោយធ្វើតេស្ដរហ័ស (Rapid Test) ជាលទ្ធផលមានព្រះសង្ឃ ចំនួន ១០អង្គ ដែលត្រូវបាន រកឃើញវិជ្ជមានកូវីដ១៩ ដែលបច្ចុប្បន្នកំពុងដាក់សម្រាកព្យាបាល នៅមណ្ឌលសាលា គរុកោសល្យខេត្តតាកែវ៕

ដោយ ៖ សិលា


ចែករំលែក៖