ខេត្តព្រះសីហនុ៖ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃអង្គារទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ ជាជាងដែកបានដេកស្លាប់ ក្នុងបន្ទប់អគារសំណង់ថ្មីមួយកន្លែង ស្ថិតត្រង់ចំណុចផ្លូវចុះចម្ការតាហ៊ល (ការដ្ឋានសំណង់) ស្ថិតនៅក្រុមទី១ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
របាយការណ៍ដដែល បន្តថា សាកសពបុរសជនជាតិចិនម្នាក់នោះ ឈ្មោះ CHEN WEN JIE ឆ្នាំកំណើត ១៤/១១/១៩៦៩ មានមុខរបរ ជាជាងដែក កាន់លិខិតឆ្លង ដែនលេខ EC1711859 ដែលមានសុពលភាព ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៨ ត្រូវបានប្រទះឃើញដេកស្លាប់នៅវេលាម៉ោង ៣រសៀលកាលពីថ្ងៃទី១៩ ខែកក្កដាម្សិលមិញនេះ នៅក្នុងបន្ទប់ស្នាក់នៅ លេខ៧ ជាន់ទី២១ ។
គួរបញ្ជាក់ថា យោងតាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានសន្និដ្ឋានជាជំហានដំបូងថា៖ បុរសជនជាតិចិនម្នាក់នេះ បានស្លាប់ដោយសារគាំងបេះដូង។ក្រោយកេីតហេតុ សពត្រូវបានដឹកយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេក រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសាររបស់សព៕ដោយ៖សហការី