អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីអ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបចំនួន ១១,៣០៥នាក់ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ, ខណៈអ្នកជំងឺកូវីដចំនួន ៨០នាក់បន្ថែមទៀតបានបាត់បងជីវិត។
បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ បានចុះផ្សាយថា៖តួលេខខាងលើនេះ គឺជាអត្រាឆ្លង COVID-19 ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ និងជាការហក់ឡើងដល់ខ្ទង់ម៉ឺនករណី ក្នុងរយៈពេល ០៧ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤២៦,៤៧៥នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ៣,៥០២នាក់ និងជាសះស្បើយវិញជិត ២៩៦,២០៨នាក់។
ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ប្រទេសថៃ គិតត្រឹមថ្ងៃចន្ទទី១៩ ខែកក្កដាម្សិលមិញនេះ សម្រេចបាន ១៤.២លានដូស ក្នុងនោះប្រជាជនចំនួន ៣.៤៤លាននាក់ (៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ខេត្តមួយចំនួននៃប្រទេសថៃ ក្រៅពីទីក្រុងបាងកក ដូចជា៖ ខេត្តឈុនបុរី ,ខេត្តអយុធ្យា និងខេត្តឆាឆឹងសៅជាដើម ការរឹតត្បិតភាគច្រើនកំពុងត្រូវបានអនុវត្ត ក្នុងនោះមានដូចជា ការបិទផ្សារទំនើបចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺជាដើម។
ជាមួយគ្នានេះ ចំពោះការហាមប្រាមជួបជុំគ្នា ត្រូវបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ហើយអ្នកដែលល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ៤០,០០០បាត ឬស្មើនឹងជាង ១,២០០ដុល្លារសហរដ្ឋអាមេរិក៕ដោយ៖ស តារា