ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា និងសហការី នៅថ្ងៃអង្គារ ១១កើត ខែទុតុយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលបានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ជាក់ស្តែងនៅល្ងាចថ្ងៃទី ១៩ ខែ កក្កដាម្សិលមិញនេះ ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។
នៅក្នុងឱកាសនេះដែរ លោកស្រី សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឱ្យលេងទឹកដែលអាចបង្កឱ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ។ ហេីយត្រូវចិញ្ចឹមសត្វ បង្កើនការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ។
លោកស្រី បន្ថែមថា ទោះបីអត្រាឆ្លងនៃជំងឺកូវីដ-១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយជាបន្តបន្ទាប់ ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិត ថាជំងឺនេះស្រាលមិនអីទេ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់ សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំ ជៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត ជាពិសេស ចំពោះបងប្អូនដែលមិនទាន់បានទទួលវ៉ាក់សាំងសូមប្រញ៉ាប់ទៅចាក់តាមទីតាំងឲ្យបានគ្រប់ៗគ្នា និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ដែលបណ្តាលឲ្យស្លាប់ របួស និងពិការភាព នាំឲ្យប៉ះពាល់ដល់សង្គមជាតិ ។
គួរបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យមមានចំនួន ៣១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០.០០០ រៀល សម្រាប់គ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ធុងទឹក ១ កៅស៊ូតង់ ១ ឆ្នាំបាយ-សម្ល ២ ថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ១៤ គ្រួសារ ទទួលបានថវិកា ៦០.០០០ រៀល៕ដោយ៖សហការី