ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖​ ចុះសម្របសម្រួលជាមួយអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ដើម្បីទទួលយកកូនស្រីរបស់ស្ត្រីម្នាក់ដែលជាប់ឃុំ ឱ្យបានទៅរស់នៅជាមួយសាច់ញាតិក្នុងសហគមន៍វិញ

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចាត់តំណាងក្រុមការងារមាន លោក ប៊ុត ផល្លា សមាជិក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោក អ៊ឹម ម៉ានិត អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងមានការសម្របសម្រួលពីលោកស្រី អ៊ុច និពន្ធ អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង និងលោកស្រី​ ឆាំ ម៉ារី អគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការណែនាំដោយផ្ទាល់ពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការសម្របសម្រួលដោយផ្ទាល់ជាមួយអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា និងមណ្ឌលអប់រំកែប្រែទី២(ម២) ដើម្បីទទួលយកកូនស្រីរបស់ស្ត្រីដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២(ម២) គឺកុមារីឈ្មោះ រ៉ុង ជីងជីង អាយុ៥ឆ្នាំ ដែលកំពុងរស់នៅក្នុងអង្គការខាងលើឱ្យបានទៅរស់នៅជាមួយសាច់ញាតិក្នុងសហគមន៍វិញ។ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមការងារ​ ក៏បាននាំយកនូវថវិកាដ៏ថ្លៃថ្លារបស់លោកកែវ រ៉េមី ជូនដល់លោកស្រី ឈូក សីហា ប្រធានអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា សម្រាប់ប្រើប្រាស់ទ្រទ្រង់ក្នុងជីវភាពប្រចាំថ្ងៃរបស់កុមារកំព្រាគ្មានទីពឹង ដែលរស់នៅក្នុងអង្គការខាងលើ។ បន្ថែមពីនេះ​លោកប្រធាន​ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយជាបន្តបន្ទាប់ ហើយការជួយឧបត្ថម្ភលើកនេះជាលើកទី៨ ដែលជាការចូលរួមចំណែកជួយឱ្យកុមារកំព្រាមានសង្ឃឹម ទទួលបានអនាគតល្អ និងក្លាយជាមនុស្សល្អក្នុងសង្គមជាតិ។ជាមួយគ្នានេះ​​ ក្នុងនាមប្រធានអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា លោកស្រី ឈូក សីហា បានគោរពថ្លែងអំណរគុណចំពោះ លោកប្រធាន​ សមាជិក សមាជិកា មេធាវីស្ម័គ្រចិត្ត និងមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទាំងអស់ ទោះបីស្ថិតក្នុងកាលៈទេសៈការរីករាលដាលនៃជម្ងឺឆ្លង កូវីដ-១៩ ដ៏លំបាកនេះក្តី លោកប្រធាន នៅតែបន្តគិតគូរពីសុខទុក្ខរបស់គាត់ដែលជាប្រធានអង្គការ និងកូន ក្មួយកំព្រាគ្មានទីពឹង។ ទាំងនេះបង្ហាញពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន៕ដោយ​៖សហការី​


ចែករំលែក៖