ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរោងចក្រផលិតអាលុយមីញ៉ូម បញ្ចេញដុំផ្សែងមានរូបរាងដូចផ្សិតនិងដូចការផ្ទុះគ្រាប់បែកបរមាណូ

ចែករំលែក៖

រូបភាពវីដេអូ ថតបានពីទិដ្ឋភាពនៃការផ្ទុះរោងចក្រនៅក្នុងប្រទេសចិនដោយបង្កឲ្យមានដុំផ្សែងមានរូបរាងដូចផ្សិតឬដូចទៅនឹងការផ្ទុះគ្រាប់បែកបរមាណូ។
បណ្តាញទូរទស្សន៍ជាតិចិនCCTV បានផ្សាយថា ករណីផ្ទុះកើតឡើងនៅក្នុងរោងចក្រ នៃទីក្រុង Dengfeng ខេត្ត Henan ភាគកណ្តាលប្រទេសចិននាថ្ងៃទី២០ ខែកក្កដា ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ករណីផ្ទុះខាងលើកើតឡើងនៅក្នុងរោងចក្រផលិតអាលុយមីញ៉ូម របស់ក្រុមហ៊ុន Dengfeng Power មុនពេលទឹកជំនន់ហូរចូលក្នុងរោងចក្រនេះ។ កម្រិតទឹកនៅដងទន្លេជិតរោងចក្រ នៅវេលាម៉ោង៤ព្រឹកថ្ងៃទី ២០ខែកក្កដា បានជន់ឡើងលើសកម្រិតអាសន្ន បំផ្លាញជញ្ជាំងការពាររោងចក្រ ។
រោងចក្រផលិតអាលុយមីញ៉ូម បានបិទភ្លើងហើយជម្លៀសកម្មករចេញពីទីនោះក្រោយទឹកជំនន់ហូរចូល។ នៅវេលាម៉ោង៦ព្រឹក ទឹកជំនន់បានហូរចូលទៅដល់តំបន់អាងស្តុកយ៉ាន់ស្ព័រដែលមានសីតុណ្ហភាពខ្ពស់និងបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំង។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា ការផ្ទុះយ៉ាងខ្លាំង បង្កឲ្យមានដុំផ្សែងមានសណ្ឋានដូចផ្សិត នៅលើអាកាសមិនខុសអ្វីពីការបំផ្ទុះគ្រាប់បែកបរមាណូនោះឡើយ។ នៅតំបន់ដែលផ្ទុះផ្ទៃមេឃប្រែពណ៌រហូតពីពណ៌ស ប្រផេះ ខ្មៅ ខៀវ …។
សារព័ត៌មានរ៉យទ័របានផ្សាយថា មិនមានអ្នកណាម្នាក់ស្លាប់ឬរងរបួសក្នុងហេតុការណ៍នោះឡើយ ដោយកម្មករបានជម្លៀសចេញទៅកាន់តំបន់សុវត្ថិភាពមុនពេលគ្រោះទឹកជំនន់វាយលុក៕

ដោយ៖ធីរីណា(រូបថត៖chinanews)


ចែករំលែក៖