នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ សារព័ត៌មានCNN បានផ្សាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដើម្បីបង្កើនការការពារ ដែនសមុទ្រនៅតំបន់ទាំងនោះប្រឆាំងការនេសាទខុសច្បាប់ពីក្រុមនាវានេសាទចិន។
អាមេរិកនិងសម្ពន្ធមិត្ត រួមមានបារាំង ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ កំពុងតែបង្កើនសកម្មភាពនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទាំងនោះ ។ បើទោះបីមានផ្ទៃដីតូច តែប្រទេសកោះនៅប៉ាស៊ីហ្វិកគ្រប់គ្រងតំបន់សមុទ្រសម្បូរទៅដោយធនធានធម្មជាតិ ដែលជាប្រភពចំណូសេដ្ឋកិច្ចដ៏សំខាន់និងជាតំបន់បង្កើតព្រំដែនរវាងទ្វីបអាមេរិកនិេងទ្វីបអាស៊ី ។
ប្រធានាធិបតីបារាំងបានលើកឡើងនៅក្នុងសន្និសីទកាសែត ក្រោយជួបពិភាក្សាតាមអនឡាញជាមួយមេដឹកនាំប្រទេសអូស្ត្រាលី, ប្រទេសកោះ Marshall , Papua New Guinia និងតំណាងប្រទេសនូវែលហ្សេឡង់ ព្រមទាំងប្រទេសអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតថា «ដើម្បីទប់ទល់ជាមួយ Logic រកចំណី ដែលយើងទាំងអស់គ្នាជាអ្នករងគ្រោះ ខ្ញុំចង់សហការដែនសមុទ្រជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក»។ លោកម៉ាក្រុងបានលើកឡើងថា«យើងនឹងបង្កើតបណ្តាញការពារដែនសមុទ្រភាគខាងត្បូងប៉ាស៊ីហ្វិកដែលមានគោលដៅ៣ គឺចែករំលែកព័ត៌មាន សហការ និងបណ្តុះបណ្តាល »។
លោកម៉ាក្រុងមិនបានបញ្ចេញចំឈ្មោះប្រទេសចិននៅក្នុងការលើកឡើងរបស់លោកនោះឡើយ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថាគោលដៅទប់ស្កាត់ការនេសាទខុសច្បាប់ភាគច្រើនដែលធ្វើឡើងដោយក្រុមហ៊ុនឯកជន៕ដោយ៖ធីរីណា
រូបថត៖Getty
រូបថត៖AP