ក្រសួងការពារជាតិរុស្ស៊ីបានបង្ហោះវីដេអូស្តីពីការសាកល្បងកាំជ្រួចមីស៊ីលវាយស្ទាក់ទំនើបបំផុត S-500 ទទួលបានជោគជ័យ ដោយបានវាយកម្ទេចគោលដៅកំពុងហោះហើរក្នុងល្បឿនលឿនបំផុត ។ ការសាកល្បងធ្វើឡើងនៅតំបន់ Kapustin Yar ។
តាមការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើប S-500 របស់ប្រទេសនេះ អាចកម្ទេចគោលដៅដែលកំពុងហោះហើរក្នុងល្បឿនលឿនដូចជាមីស៊ីលរបស់សត្រូវ។ ប្រព័ន្ធមីស៊ីល S-500 ដំបូង នឹងដាក់ឲ្យប្រើប្រាស់ ក្នុងកម្លាំងកាំជ្រួចមីស៊ីលការពារដែនអាកាសនៅទីក្រុងមូស្គូ ក្រោយការសាកល្បងរួចរាល់។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអកាស S-500 បានកម្ទេចមីស៊ីលល្បឿនលឿននៅទីលាន Kapustin Yar ។ ការសាកល្បងមីស៊ីលបានបាញ់កម្ទេចគោលដៅ យ៉ាងល្អបំផុត»។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាមីស៊ីលS-500 គឺមានកម្រិតគោលដៅខ្ពស់ ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ទៀតថា នៅលើពិភពលោកមិនទាន់មានមីស៊ីលការពារទំនើបណាអាចប្រជែងជាមួយមីស៊ីល S-500នោះបានឡើយ ដោយវាអាចវាយកម្ទេចគ្រប់គោលដៅហោះហើរក្នុងល្បឿនលឿន និងកម្ពស់ខ្ពស់៕
ដោយ៖ធីរីណា(រូបភាព៖Sohu)