ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសស្រីភ្លោះទាំង៣របស់អតីតតារាសម្តែង ជុំ ស៊ីថា ទទួលបានសញ្ជាតិអាមេរិក និងត្រៀមចេញទៅរស់នៅទីនោះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃនេះ អតីតតារាសម្តែង លោក ជុំ ស៊ីថា បានបញ្ជាក់ អំពីដំណឹងដែលកូនប្រុសស្រីដ៏គួរឲ្យខ្នាញ់ទាំង៣របស់លោកទទួលបានសញ្ជាតិអាមេរិកជាផ្លូវការហើយនោះ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជាមួយនឹងការបញ្ជាក់បន្ថែមថាលោក និងកូនៗក៏ត្រៀមចេញទៅរស់នៅទីនោះផងដែរ។ 

ភរិយាតារាសម្តែង ជុំ ស៊ីថា សម្រាលបានកូនភ្លោះបីនាក់កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ក្រោយពីសម្រាលរួចពួកគេក៏ ទទួលបាននូវអំណោយពី សម្តេច អគ្គមហាសេនាបតី  តេជោ  ហ៊ុន  សែន  និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត។ កន្លងទៅសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកកូនភ្លោះ៣នៅកម្ពុជាគឺ ជាចៅសម្តេចថែមទៀតផង។ គ្រួសារកូនភ្លោះ៣នាក់ របស់លោកជុំ ស៊ីថា គឺជាកូនភ្លោះ៣ ជិត៣៧០គ្រួសារហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ កូនភ្លោះទាំងបីរបស់លោកគឺមានកូនទី១ភេទប្រុសកូនទី២ភេទស្រី និងកូនទី៣ភេទប្រុស ហើយ លោកគឺជាសិល្បករដំបូងគេនៅកម្ពុជាដែលមានសំណាង មានកូនភ្លោះរហូតដល់ទៅ៣នាក់នោះ។ អតីតសិល្បកររូបនេះបានបញ្ជាក់ដោយខ្លីតាមរយៈសារអេឡិចត្រូនិច ថា កូនលោកពិតជាទទួលបានសញ្ជាតិជាពលរដ្ឋអាមេរិកទាំង៣នាក់ពិតមែន ប៉ុន្តែលោកវិញនៅមិនទាន់ទទួលបាននៅឡើយគឺត្រូវរងចាំសម្ភាសន៍នៅស្ថានទូតជាមុនសិន។

លោកថាដោយសារតែភរិយារបស់លោកមានសញ្ជាតិអាមេរិកស្រាប់ដូចនេះកូនលោកកើតមកក៏បានដាក់ពាក្យស្នើសុំកាលពីពេលកន្លងទៅទើបតែពេលនេះលោកទទួលបាន ហើយលោកពិតជារីករាយនឹងការដែលកូនលោកទទួលបានសញ្ជាតិនេះផងដែរ។ លោកថា លោកក៏បានដាក់ពាក្យស្នើផងដែរដើម្បីមានឱកាសចេញចូលសហរដ្ឋអាមេរិក ដោយកំពុងរងចាំការហៅទៅធ្វើបទសម្ភាសន៍ និងអាចមានឱកាសទៅទីនោះញឹកញាប់ឬទៅមើលថែទាំកូនៗជាមួយភរិយាព្រោះកូនទាំង៣របស់លោកគឺលោកចង់ឲ្យពួកគាត់ទៅរស់នៅនិងបន្តការសិក្សានៅទីនោះផងដេរ។   ទោះជាយ៉ាងណាលោក និងភរិយានៅតែបន្តឡើងចុះមកមើលការខុសត្រូវលើមុខជំនួញមួយចំនួននៅកម្ពុជាផងដែរ។ 

  នេះក៏អាចចាត់ទុកថាជាសំណាងបន្ទាប់ផ្ទួនៗសម្រាប់អតីតសិល្បកររូបនេះ បន្ទាប់ពីលោកបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយនារីអាណិកជនស្រស់សោភា  និងមានភាពវាងវៃក្នុងកិច្ចការមុខជំនួញ ខណៈលោកក៏ជាមន្ត្រីប៉ូលិសម្នាក់ក្រោយពីផ្អាកការងារសិល្បៈប៉ុន្មានឆ្នាំកន្លងទៅនេះ៕ 

     

ដោយ ៖ វឌ្ឍនា


ចែករំលែក៖