ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋី Jeff Bezos ឡើងទៅកាន់ទីអវកាស ហើយចុះចតវិញដោយសុវត្ថិភាពក្នុងរយៈពេល១០នាទី

ចែករំលែក៖

មហាសេដ្ឋីអាម៉ាហ្សូន លោក Jeff Bezos នៅថ្ងៃទី២០ ខែកក្កដា បានឡើងទៅកាន់លំហអាកាសផែនដី ក្លាយទៅជាមហាសេដ្ឋីទីពីរហើយនៅលើពិភពលោក ដែលបានធ្វើដំណើរទៅទីអវកាសដោយប្រើយានផ្ទាល់ខ្លួន។
សារព័ត៌មាន AP បានផ្សាយថា លោក Jeff Bezos ធ្វើដំណើរទៅកាន់ទីអវកាសជាមួយសមាជិកដែលបានជ្រើសរើស ក្នុងនោះមាន បងប្រុសរបស់លោកឈ្មោះ Mark Bezos និស្សិតអាយុ១៨ឆ្នាំជនជាតិហុល្លង់ Oliver Daemen និងលោក Wally Funkអាយុ៨២ឆ្នាំរស់នៅរដ្ឋតិចសាស់ ។ អ្នកឡើងទៅពេលនេះមានមនុស្សវ័យក្មេងបំផុតនិងចាស់បំផុត។ និស្សិតវ័យ១៨ឆ្នំាជាអតិថិជនដំបូង ដែលបានបង់លុយទៅឲ្យក្រុមហ៊ុនដើម្បីឡើងទៅកាន់ទីអវកាស។
ក្រោយរយៈពេលធ្វើដំណើរ១០នាទីហើយចុះចតដល់ផែនដីវិញ មហាសេដ្ឋី Jeff Bezos បានលើកឡើងថា «ជាពេលវេលាអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក»។
គូប្រជែងរបស់មហាសេដ្ឋីអាម៉ាហ្សូន គឺមហាសេដ្ឋី Richard Branson របស់ក្រុមហ៊ុន Virgin Galactic បានទៅកាន់ទីអវកាសដោយជោគជ័យមុនមហាសេដ្ឋីអាម៉ាហ្សូន ៩ថ្ងៃ។

លោក Jeff Bezos បញ្ជាក់ថា នេះមិនមែនជាការប្រកួតប្រជែងនោះឡើយ គឺជាការកសាងផ្លូវឡើងទៅកាន់ទីអវកាសដើម្បីអ្នកជំនាន់ក្រោយធ្វើបានល្អជាងនេះ។
យានអវកាស Blue Origin បានឡើងកម្ពស់ពីផែនដី ១០៦ គីឡូម៉ែត្រ គឺខ្ពស់ជាងដំណើរទៅទីអវកាសរបស់លោក Branson កាលពីថ្ងៃទី១១ខែកក្កដា ។ រ៉ុក្កែតរុញកម្ពស់១៨ម៉ែត្របានបញ្ជូនយានអវកាសក្នុងល្បឿនលឿនជាងសំឡេង៣ដង ហើយក៏ផ្តាច់ខ្លួនចេញពីយានចុះចតនៅផែនដីដោយជោគជ័យ៕

ដោយ៖ធីរីណា(រូបភាព៖AP)


ចែករំលែក៖