ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់នៅខេត្តHenan ប្រទេសចិនស្លាប់១២នាក់

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នានៅខេត្ត Henan ប្រទេសចិនធ្វើឲ្យទំនប់ Yihetan អាចបាក់ស្រុតគ្រប់ពេលវេលា ។សារព័ត៌មាន RT បានផ្សាយថាភ្លៀងធ្លាក់ខ្លាំងអូសបន្លាយធ្វើឲ្យកម្រិតទឹកនៅដងទន្លេលឿងហូរឆ្លងកាត់ទីក្រុង Zhengzhou ខេត្ត Henan កើនឡើងខ្ពស់ ធ្វើឲ្យតំបន់ជាច្រើនក្នុងទីក្រុងត្រូវលិចលង់ដោយទឹកជំនន់។

រូបភាពបានបង្ហាញឱ្យឃើញថា ទឹកជំនន់បានជន់លិចស្ថានីយរថភ្លើងជាច្រើនកន្លែង ហូរកួចរថយន្តជាច្រើនគ្រឿងនៅតាមដងផ្លូវក្នុងទីក្រុង Zhengzhou។ តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា គ្រោះទឹកជំនន់បានសម្លាប់មនុស្ស១២នាក់ផងដែរ។

ក្នុងពេលជាមួយគ្នានេះ កម្រិតទឹកនៅទំនប់ Yihetan បានកើនឡើងខ្ពស់ គំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋជាង៧លាននាក់ក្នុងតំបន់ ដោយទំនប់អាចនឹងបាក់គ្រប់ពេលវេលា។
ដើម្បីជួយដល់ពលរដ្ឋ នៅថ្ងៃទី២០ ខែកក្កដា រដ្ឋាភិបាលចិនបានសម្រេចដាក់ពង្រាយកម្លាំងទាហាន២ម៉ឺននាក់ទៅកាន់ទំនប់ Yihetan និងទំនប់ផ្សេងទៀតនៅទីក្រុង Henan ជាការត្រៀមលក្ខណៈជួយដល់ពលរដ្ឋពេលមានគ្រោះអាសន្នកើតឡើង ៕

ដោយ៖ធីរីណា(រូបថត៖chinanews.)


ចែករំលែក៖