ខេត្តរតនគិរី៖ មានក្រុមម៉ូតូកែច្នៃជាច្រើនគ្រឿងកំពុងតែសំរុកដឹកឈើចេញពីតំបន់មួយចំនួនក្នុងទឹកដីស្រុកវ៉ើនសៃនិងស្រុកអូរជុំ រួចនាំចូលមកស្តុកទុកក្នុងក្រុងបានលុង និងបន្តដឹកទៅប្រទេសវៀតណាមតាមរថយន្តសាំយ៉ុងក្នុងខណៈដែលជំងឺកូវីដ-១៩កំពុងតែផ្ទុះឡើង ហើយ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់មិនមានវិធានការបង្ក្រាប។
តាមប្រភពបានបង្ហើបឱ្យដឹងថា ជារៀងរាល់យប់គេសង្គេតឃើញមានម៉ូតូកែច្នៃជាច្រើនគ្រឿងកំពុងសំរុកដឹកឈើយ៉ាងទ្រហឹងអីងអាប់រំខានដល់ដំណេកអ្នកស្រុកទៀតផងដឹកឆ្លងកាត់ចេញពីទីរួមស្រុកអូរជុំនាវេលាយប់ជ្រៅរហូតទល់ភ្លឺមិនក្រោមពី៤០ទៅ៥០គ្រឿងឡើយ។
ប្រភពបន្តថា ឈើដែលក្រុមឈ្មួញដឹកជញ្ជូននោះភាគច្រើនជាប្រភេទឈើលេខមួយដែលគេអារច្រៀកជាសន្លឹកបន្ទះមានមុខកាត់ធំៗដឹកចូលក្រុងបានលុងហើយបង្កប់តាមរថយន្តសាំយ៉ុងដែលគេច្នៃដំបូលនិងបាតក្រោមរថយន្តរួចជាស្រេចបន្លំធ្វើជាដឹកបាវធ្យូងតិចតួចឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវយ៉ាងរំភើយ។
ប្រភពបង្ហើបឱ្យដឹងបន្តទៀតថា ក្នុងសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងនោះដែរក៏ក្រុមសមត្ថកិច្ចលួចឆ្មក់បង្ក្រាបប៉ះចំក្រុមមេខ្លោងធំម្នាក់ដែលប្រកបរបរដឹកឈើតាមម៉ូតូប្រចាំស្រុកអូរជុំនិងជាអ្នកផ្គត់ផ្គង់ឈើឱ្យក្រុមឈ្មួញរថយន្តសាំយ៉ុងជាច្រើននៅក្រុងបានលុងនោះជាយូរឆ្នាំទៀតផង។
ក្រុមសមត្ថកិច្ចគ្រាន់តែដឹងថាជាឈើរបស់មេខ្លោងធំឈ្មោះតុង ហានក៏ដើរចេញទៅវិញអស់ បណ្តែតបណ្តោយឱ្យក្រុមម៉ូតូកែច្នៃដឹកឈើរៀងរាល់យប់នោះបើកចេញទៅដោយរលូន។
នៅក្នុងក្រុមម៉ូតូកែច្នៃដឹកឈើនោះក៏មានក្រុមឈ្មួញជាច្រើនទៀតផងដែរដែលធ្វើសកម្មភាពដឹកជញ្ជូនអែបៗតាមជាមួយមេខ្លោងធំខាងលើនោះ។
ប្រភពមួយទៀតបង្ហើបថា ក្រៅពីមានក្រុមម៉ូតូដឹកឈើក៏នៅមានរថយន្តសាំយ៉ុងមួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2A-7824ដែលតែងតែដឹកជញ្ជូនឈើចេញពីស្រុកវ៉ើនសៃជារៀរាល់ថ្ងៃចូលក្រុងបានលុងនេះដែរ។
មជ្ឈដ្ឋានក្នុងក្រុងក៏ដូចជាតាមស្រុកក៏កំពុងរង់ចាំមើលថា តើបន្ទាប់ពីមានបម្រាមគោចរមកតើសកម្មភាពដឹកជញ្ជូនឈើពេលយប់ៗនោះមានការបង្ក្រាបដែរឬទេ? ៕
ដោយ ៖ ជីវ័ន្ត