ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីប្រជានេសាទផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ឲ្យដឹងថា បច្ចុប្បន្ន គេសង្កេតឃើញឧបករណ៍ចាប់ត្រីប្រភេទទំនើប(របាំងសាច់អួនក្រឡាល្អិត និងរបាំងស្បៃមុង)រាប់សិបខ្សែកំពុងកើតមានស្អេកស្កះ ក្នុងដែនសមត្ថកិច្ចលោក លឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកានគ្រប់គ្រង ខណៈកន្លងទៅថ្មីៗនេះមានការបង្រ្កាបយ៉ាងគគ្រឹកគគ្រេង នៅស្រុកកណ្ដៀង និងស្រុកក្រគរដែរ តែគេរំលងមិនបង្រ្កាបនៅចំណុចខាងលើនេះឡើយ ។
សេចក្តីរាយការណ៍ពីប្រជានេសាទដដែលបន្តថា ឧបករណ៍ចាប់ត្រីនារដូវបិទនេសាទដែលកំពុងនឹងកើតមានខាងលើ ចាប់ពីមាត់ពាមដីរនាតរហូតដល់ព្រែកក្បាលកោល ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ជាពិសេសនៅមិនឆ្ងាយប៉ុន្មាន ពីស្នាក់ការសង្កាត់រដ្ឋបាលជលផលបាកាន ដែលលោក លឹម សុក្រឹត នាយសង្កាត់គ្រប់គ្រងតែម្ដង ដែលស្ថិតនៅភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ពីមជ្ឃដ្ឋានខាងលើលើកឡើងដដែលៗថា ឧបករណ៍បទល្មើសចាប់ត្រីប្រភេទនេះមិនអាចលាក់បាំងបានទេ ព្រោះគេមើលពីស្នាក់ការជលផលឃើញច្បាស់ក្រឡែត ដែល១ខ្សែៗមានប្រវែងចាប់ពី២ឡុកទៅ៦ឡុក ហើយមិនពិបាកក្នុងការស្រាវជ្រាវរកអត្តសញ្ញាណជនប្រព្រឹត្តនោះទេ គឺពួកគាត់សង់រោងចាំនៅកន្លែងនោះតែម្ដង ។ តើបញ្ហាបទល្មើសមានទាំងរោងបែបនេះ ច្បាប់ស្ដីពីជលផលគិតយ៉ាងណា? ជាពិសេសមន្ត្រីរដ្ឋបាលជលផល ក្រោមដែនសមត្ថកិច្ចលោក លឹម សុក្រឹត ជានាយសង្កាត់រដ្ឋបាលជលផលបាកាន អាចទៅរួចទេ?បើរំលងភ្នែកលោក លឹម សុក្រឹត បញ្ហានេះមន្រ្តីអធិការកិច្ចនៃមន្ទីរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរស្រាវជ្រាវឡើងវិញផង តើពិតដូចមហាជនលើកឡើងដែរឬទេ ៕
ដោយ ៖ បុឹម ពិន