ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យទៅជាប្រឡាយបេតុងដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែងមកដល់ពេលនេះការដ្ឋានទាំងមូលជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះក្នុងប្រវែង១៥០០ម៉ែត្រ ដោយសារតែរាំងស្ទះជាមួយនឹងផលប៉ះពាល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះទាំងក្រុមការងារនិងអាជ្ញាធរបាននិងកំពុងដោះស្រាយបណ្តើរធ្វើបណ្តើរហើយ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យជាបេតុងចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែង ការដ្ឋានជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះក្នុងប្រវែងសរុប១៥០០ម៉ែត្រ ដោយសារតែរាំងស្ទះដោយផលប៉ះពាល់និងម្យ៉ាងទៀតដោយសារការផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះផង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ករណីនេះអាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់ បញ្ចប់ការកាយភក់ សំរាម ជាមួយនិឹងបុកសុីផាយបេតុងជញ្ជាំងប្រឡាយ។
លោកសាំ ពិសិដ្ឋ បន្តទៀតថា ប្រឡាយស្ទឹងមានជ័យដែលបាននិងកំពុងស្ថាបនាដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយនេះមានប្រវែងជាង១៥០០ម៉ែត្រ តែមកដល់ពេលនេះនៅសល់តែប្រវែង១២០ម៉ែត្រទៀតប៉ុណ្ណោះនឹងហើយរួចរាល់។ ប៉ុន្តែទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះអាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ពោលគឺអាចបញ្ជៀសការលិចលង់លំនៅឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានយ៉ាងល្អ។
ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយពីអាងស្ដុកទឹកស្អុយទៅជាប្រឡាយបេតុងយ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិចនៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែនសុខ ហើយចំពោះប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យនេះ ក៏ទទួលបានដីសម្រាប់សាងសង់ផ្ទះ មានកម្មសិទ្ធិស្របច្បាប់នៅនឹងកន្លែងថែមទៀត ទៅតាមគោលនយោបាយ ឈ្នះ=ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនិឹងការស្ថាបនាប្រឡាយស្ទឹងមានជ័យ ក្នុងផេករបស់សម្តេចតេជោហ៊ុន សែន នាពេលកន្លងមកនេះ ក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា៖ «អាងទឹកស្អុយស្ទឹងមានជ័យក្លាយជាប្រឡាយបេតុងស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ៕
ដោយ ៖ សំរិត