ភ្នំពេញ៖ ប្រជាពលរដ្ឋគ្រប់អាយុចាក់វ៉ាក់សាំង ជិតពាក់កណ្តាលនៅស្រុកបន្ទាយស្រី បានចាក់ដូសទី១ រួចរាល់ ហើយ ! នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
លោកអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បង្ហាញពីទិដ្ឋភាពទូទៅនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំខ្នារសណ្តាយនៃស្រុកបន្ទាយស្រី។
លោកបានថ្លែងថា, រហូតមកដល់ពេលនេះ ជិតពាក់កណ្តាលនៃប្រជាពលរដ្ឋគ្រប់អាយុនៅក្នុងស្រុកបន្ទាយស្រីបានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ។ យុទ្ធនាការនេះនឹងបន្តចាក់រហូតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកទទួលបានវ៉ាក់សាំងទាំង២ដូសគ្រប់ៗគ្នា។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ថ្លែងបន្តថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់កំលាំងស្ម័គ្រចិត្តទាំងអស់ ជាពិសេសកំលាំងយុវជនរបស់”សសយក” ដែលបានធ្វើការយ៉ាងសស្រាក់ស្រាំមិនខ្លាចការនឿយហត់ ផ្តល់ការសម្របសម្រួលគ្រប់រូបភាពដល់បងៗកងកំលាំងមកពីកងពលធំអន្តរាគមន៍លេខ២ដើម្បីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងនេះប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ សិលា