ខេត្តសៀមរាប៖ ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចបំរើជូនប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រុមការងារចាក់វ៉ាក់សាំងរបស់កងពលធំអន្តរាគមន៍លេខ២ បន្ទាប់ពីបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ,កម្មករ-កម្មការិនីចំនួន ៤ ស្រុកក្នុងខេត្តសៀមរាប រួមមាន៖ ស្រុក បន្ទាយស្រី,ស្រុកវារិន,អង្គរជុំនិងស្រុកស្រីស្នំ ទទួលបានលទ្ធផលជាបន្តបន្ទាប់ ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង តាមការណែរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាអនុវត្តតាមការប្រគល់ភារកិច្ច របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានដាក់ចុះឈានចូលមកដល់ថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានប្ដូរគោលដៅ ចាក់វ៉ាក់សាំង ដោយបានបន្តទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា បន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នាសណ្ដាយស្រុកបន្ទាយស្រីខេត្តសៀមរាប ។ ជាលទ្ធផលទទួលបាននៅថ្ងៃទី ២១ ខែកក្កដា ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានចាក់វ៉ាក់សាំងដូសទី ១ ប្រភេទស៊ីណូហ្វាម ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនីស្រុកបន្ទាយស្រី បានចំនួន២៣១១នាក់ស្រីចំនួន១២៤៤នាក់ ។
ស្របពេលនេះដែលដោយដំណើរការចាក់វ៉ាក់សាំងមានការវិវត្តទៅមុខបានល្អនិងការរៀបចំបំរើជូនប្រជាពលរដ្ឋបានទាន់ ពេលវេលា ហើយនៅថ្ងៃទី ២០ ខែកក្កដាកន្លងទៅនេះដែរ កងពលតូចអន្តរាគមន៍ ៥ ក៏បានប្ដូរគោល ដៅបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋការ ពារជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា ស្វាយស ស្ថិតនៅភូមិ ស្វាយស ឃុំ ស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។ ជាលទ្ធផលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ២០ ខែកក្កដា សំរេចបានចំនួន៤៦៧ នាក់ក្នុងនោះមានស្រី ២២៨ នាក់ ។
ដូចគ្នានេះដែលកងពលតូចអន្តរាគមន៍លេខ៦ ក៏បានប្ដូរគោលដៅបន្តចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅវត្តគីរីគង្គា (ហៅដំណាក់ស្ដេច) ស្ថិតនៅភូមិដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលកាលពីថ្ងៃទី ២០ ខែកក្កដា កន្លងទៅនេះ គ្រូពេទ្យកងពលតូចអន្តរាគមន៍លេខ៦ បានចាក់វ៉ាក់សាំងដូសទី ១ ប្រភេទស៊ីណូហ្វាម ជូនប្រជាពលរដ្ឋ ស្រុកអង្គរជុំ ខេត្តសៀមរាប បានចំនួន ១៥២៣ នាក់ ក្នុងនោះមានស្រី ៧៣៤ នាក់ ។
ដោយលែកកងពលតូចអន្តរាគមន៍លេខ ៤ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅគោលដៅ ដដែល ស្ថិតនៅសាលាបឋមសិក្សាជ្រោយ នាងងួន ក្នុងភូមិជ្រោយឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ជាលទ្ធផលស្រុកអង្គរជុំ ខេត្តសៀមរាបគ្រូពេទ្យកងពល តូចអន្តរាគមន៍លេខ៤ បានចាក់វ៉ាក់សាំងដូសទី ១ ជូនប្រជាពលរដ្ឋស្រុកស្រីស្នំ បានចំនួន ២៦៤ នាក់ ស្រី ១៤១ នាក់ ។
លទ្ធផលដែល ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ២ ក៏ដូចជាបណ្តាកងពល តូចអន្តរាគមន៍ចំណុះទាំង៣ សំរេចបានក្នុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នាពេលកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមសហការពីអាជ្ញាធរដែនដី និង កំលាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមជួយរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងព្រមទាំងបានផ្សព្វផ្សាយអំពីវិធាន ការការពារទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់បងប្អូនថែមទៀត ។
សូមបញ្ចាក់ថា ក្នុងដំណើរការបើកយុទ្ធនា ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំង ៤ស្រុកក្នុងខេត្តសៀមរាបដែលបានទទួលខុសត្រូវដោយ កងពលធំអន្តរាគមន៍លេខ ២ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ និងមានការចូលរួមដឹកនាំពី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤,៥និង លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ – គ្រូពេទ្យកងពលដែលជាយុទ្ធជនអាវស របស់យើងបានខិតខំប្រឹងប្រែងបំពេញភារ កិច្ចចាក់វ៉ាក់សាំង បម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ តាមបទបញ្ជារាជរដ្ឋា ភិបាលប្រគល់ជូន ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ការពារសុខភាពប្រជា ពលរដ្ឋពីជំងឺឆ្លងដ៏កាចសាហាវនេះ ។
បងប្អូនប្រជាពលរដ្ឋ,កម្មករ-កម្មការិនី ទាំង ៤ ស្រុកក្នុងខេត្តសៀមរាប រួមមាន៖ ស្រុកបន្ទាយស្រី,ស្រុកវារិន,អង្គរជុំនិង ស្រុកស្រីស្នំ ក៏ដូចជាបណ្តាស្រុកដ៏ទៃៗទៀត នៅក្នុងខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារចាក់វ៉ាក់សាំងកងពលធំអន្តរាគមន៍លេខ២ ដែលបានចុះមកចាក់វ៉ាក់សាំងដល់ពួកគាត់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលបានខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ដែលបានធ្វើអោយប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំងនិងបានគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោជានិច្ច ។
សកម្មភាពរបស់គ្រូពេទ្យនិង ក្រុមការងារចាក់វ៉ាក់សាំងក្នុងកងពលធំអន្តរាគមន៍លេខ២ ទាំងអស់ដែលបានចូលរួមចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋត្រូវបានទទួលការកោតសរសើរ និងការគោរពស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកទាំង ៤ ហើយបេសកកម្មជាប្រវត្តិសាស្រ្តត្រូវបានប្រជាពលរដ្ឋចងចាំ មិនអាចបំភ្លេចបាន ៕
ដោយ៖ សូរិយា