ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង រតនា ៖ កំលាំងអង្គភាពសុីម៉ាក់ក៏មិនខុសប្លែកពីកំលាំងជួរមុខដទៃទៀតដែរ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក ហេង រតនា អគ្គនាយកសុីម៉ាក បានថ្លែងថា,  កំលាំងអង្គភាពសុីម៉ាក់ក៏មិនខុសប្លែកពីកំលាំងជួរមុខដទៃទៀតដែរ​ ក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានប្រឈមមុខការឆ្លងវីរុសកូវីដ-១៩។ ជាក់ស្តែងគិតមកដល់ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ មានមន្ត្រីអង្គភាពចំនួន៩នាក់បានឆ្លងជំងឺកូវីដ-១៩​ ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន៣នាក់​ ភ្នំពេញចំនួន២នាក់​ និងនៅទិសខេត្តព្រះវិហារចំនួន៤នាក់​ (នៅក្នុងសហគមន៍ស្រអែម)។ អង្គភាពសុីម៉ាក់បានចាត់ចែងឱ្យមានក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលមានភារកិច្ចគ្រប់គ្រងនិងត្រួតពិនិត្យបញ្ហាកូវីដ-១៩ ពាក់ព័ន្ធមន្ត្រីក្នុងអង្គភាពយ៉ាងមានប្រសិទ្ធភាពខ្ពស់​។  អង្គភាពសុីម៉ាក់បានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្របំរ៉ុងទុកជាមុនក្នុងការទប់ទល់នឹងករណីមានការឆ្លងកូវីដ-១៩ ចូលកំលាំងរបស់ខ្លួន​ ដោយធ្វេីយ៉ាងណារក្សាឱ្យបាននិរន្តភាពប្រតិបត្តិការរបស់ខ្លួនជាប្រក្រតី​ បេីទោះបីជាមានកំលាំងខ្លះរងផលប៉ះពាល់ក៏ដោយ​ ។ យុទ្ធសាស្ត្រទាំងនោះរួមមាន​ ការបំបែកកំលាំងប្រតិបតិ្តតូចៗស្ថិតនៅភូមិសាស្ត្រដាច់ៗពីគ្នា​ បែងចែកវេនប្រតិបតិ្តការ​ កាត់បន្ថយការចល័តកំលាំង​ យន្តការត្រួតពិនិត្យកំលាំងតាមប្រព័ន្ធអេឡិចត្រូនិច​ …,​ ករណីមានការសង្ស័យចាត់វិធានការតេស្តរហ័សកំលាំងទាំងអស់ដែលពាក់ព័ន្ធ​ ញែកកំលាំងឱ្យរស់នៅដាច់ពីគ្នាជាដេីម។ ល។  លោកបន្តថា, យុទ្ធសាស្ត្រទាំងនេះលំបាក​ ប៉ុន្តែត្រូវតែរៀនរស់នៅនិងប្រតិបត្តិការក្រោមការគំរាមកំហែងដោយកូវីដ-១៩ នេះ​ជាពិសេសយកវិធាន ៣ការពារនិង៣កុំជាឆ្អឹងខ្នងនៃអនុវត្តយុទ្ធវិធីក្នុងទប់ទល់កូវីដ-១៩ នេះ ។ 

ទោះបីជាមានការឆ្លងកូវីដ-១៩ ក៏ដោយក៏បញ្ហាសុខភាពមន្ត្រីទាំង៩រូបខាងលេីគ្មានបញ្ហាឡេីយ​ ដោយបានជាសះស្បេីយនិងឆ្លងកំរិតស្រាល​។ សូមគោរពអរគុណសម្តេចតេជោដែលបានផ្តល់វ៉ាក់សាំងសំរាប់មន្ត្រីជួរមុខសុីម៉ាក់​ក្នុងកញ្ចប់អាទិភាពនិងជួយការពារអាយុជីវិតមន្ត្រីទាំងអស់ពីឈឺធ្ងន់ធ្ងរ។ 

មន្ត្រីដែលឆ្លងជំងឺកូវីដ-១៩ ទាំងអស់ក៏បានទទួលរបបឧបត្ថម្ភជាអំណោយរបស់សម្តេចតេជោ​ រួមមានអង្ករមួយបាវ៥០គីឡូក្រាម​ មី​  ត្រីខ​ និងថវិកា​៤០មុឺនរៀលផង​ដេីម្បីទ្រទ្រង់ជីវភាពរស់នៅ។   ទន្ទឹងនឹងនេះអង្គភាពបានរក្សានូវរាល់របបឧបត្ថម្ភប្រចាំខែទាំងអស់ជាធម្មតាជូនបងប្អូនក្នុងកំឡុងពេលសំរាកព្យាបាលនិងចត្តាឡីស័ក ៕

ដោយ ៖ សិលា


ចែករំលែក៖