ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២៥នាក់ និងពលរដ្ឋជាង១,២ លាននាក់រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅចិន

ចែករំលែក៖

មកទល់ពេលនេះមានអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅក្នុងខេត្ត Henan ប្រទេសចិនកើនឡើងដល់ទៅ២៥នាក់ហើយ និងបាត់ខ្លួន៧នាក់។ ជាមួយគ្នានេះមានពលរដ្ឋជាង១,២លាននាក់រងផលប៉ះពាល់ ហើយពលរដ្ឋជាង១៦០ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។

នៅក្នុងទីក្រុង Zhengzhou ក្នុងខេត្ត Henan មានមនុស្ស១២នាក់ស្លាប់ និង៥នាក់រងរបួសក្រោយទឹកជំនន់ជន់លិចរថភ្លើងក្រោមដីមួយខ្សែ។ សារព័ត៌មាន Blobal Times បានផ្សាយថា តំបន់ភាគខាងកើត ខេត្ត Zhengzhou បន្តរងការគំរាមកំហែងដោយទឹកជំនន់និងភក់ល្បាប់។ រថយន្តជាច្រើនគ្រឿងនៅក្នុងក្រុងអណ្តែតទឹកហើយហាងលក់ទំនិញផ្សេងៗ មានផ្សារទំនើបត្រូវបិទទ្វារ។
មន្ទីរពេទ្យនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Zhengzhou នៅបន្តដាច់ភ្លើង ប៉ះពាល់ដល់អ្នកជំងឺ ៦០០នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផ្សេង ក្នុងពេលទឹកជំនន់ជន់លិចចូលមន្ទីរពេទ្យកាលពីយប់ថ្ងៃទី២០ ខែកក្កដា ។
ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃជាប់គ្នា ដោយមានកម្រិតទឹកភ្លៀងច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតំបន់នេះ។ នៅក្នុងទីក្រុង Zhengzhou កម្រិតទឹកភ្លៀងត្រូវបានគេវាយតម្លៃថាមិនធ្លាប់មានក្នុងរយៈពេល ជាង៦០ឆ្នាំកន្លងមក ។
ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានស្នើដល់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ត្រូវតែផ្តល់អាទិភាព ធានាសុវត្ថិភាពអាយុជីវិតពលរដ្ឋនិងទ្រព្យសម្បតិ្ត និងអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រោះទឹកជំនន់និងជំនួយគ្រោះធម្មជាតិឲ្យទាន់ពេលវេលា៕

ដោយ៖ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖