ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខពីសិល្បៈជាច្រើនឆ្នាំ ឈឿន ឧត្តម លេចមុខជាថ្មីជាមួយបទចម្រៀងឆ្លុះបញ្ចាំងពីតថភាពសង្គម

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នម និងនិយមច្រៀងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅ លោក ឈឿន ឧត្តម បានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរហូតមានទស្សនិកជនជាច្រើនយល់ថា លោកអាចនឹងរៀបការភរិយាទៅសំងំរស់នៅក្រៅប្រទេសផងដែរ ។ តាមការណ៍ពិតលោកបាននិងកំពុងរស់នៅប្រទេសកម្ពុជាទេ ហើយក៏មិនទាន់ទៅណាឆ្ងាយពីវិស័យសិល្បៈដែរ។កាលពីពេលថ្មីៗនេះលោកថែមទាំងបានបញ្ចេញបទចម្រៀងមនោសញ្ចេតនាថ្មីមួយបទមានចំណងជើងថា “កម្មផល” ថែមទៀត។ បទថ្មីនេះត្រូវបានប្រកាសចេញដំណាលគ្នានៃការប្រកាសចាក់បញ្ចាំងខ្សែភាពយន្តរឿង “កម្មផល “ របស់ផលិតកម្ម 9 Colors  ដែលដឹកនាំផលិតដោយ លោក ជុំ វិចិត្រ ហើយប្រកាសចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍CTNនោះ។ អ្វីដែលធ្វើឲ្យគេកត់សម្គាល់ផងដែរទៅលើបទចម្រៀងនេះគឺបានបង្កប់ដោយអត្ថន័យអប់រំ  និងការឆ្លុះបញ្ចាំងពីតថភាពសង្គមពិតៗជុំវិញជីវិតរស់នៅរបស់មនុស្សនាសង្គមបច្ចុប្បនុ្ន ដែលប្រព្រឹត្តអំពើអសីលធម៌ អំពើទុច្ចរិត កេងប្រវ័ញ្ច ភូតភរកុហកបោកប្រាស់គ្នា ខណៈដែលអំពើល្អខ្លះមានត្រឹមតែជាការសម្តែងនូវរូបភាពខាងក្រៅតែប៉ុណ្ណោះ ស្របទៅនឹងទឹកដមសំនៀងពីរោះថ្នមស្រទន់របស់លោកឈឿន ឧត្តម កាន់តែធ្វើឲ្យអ្នកស្តាប់អណ្តែតអណ្តូងតាមអត្ថន័យនៃបទចម្រៀងនេះថែមទៀត។ 

  ទោះជាយ៉ាងណាតាមប្រភពពីអ្នកសិល្បៈដែលធ្លាប់បានស្គាល់លោក ឈឿន ឧត្តម បានបញ្ជាក់ថា តារាចម្រៀងប្រុសរូបនេះមិនបានចេញទៅរស់នៅក្រៅប្រទេសឡើយ ហើយកន្លងទៅលោកធ្លាប់បានបង្ហាញមុខក្នុងការច្រៀងនៅភោជនីយដ្ឋានមួយដែលប្រមូលផ្តុំដោយសិល្បករជើងចាស់នោះផងដែរ។ ប្រភពថា ដោយសារកន្លងទៅនេះគាត់មានជំងឺរលាកបំពង់កនិងច្រមុះ ទើបលោកមិនសូវបង្ហាញមុខ  ប៉ុន្តែពេលនេះលោកអាចច្រៀង និងទទួលការងារសិល្បៈបានឡើងវិញហើយ។ 

  គួរបញ្ជាក់ដែរថា សាងភាពល្បីល្បាញខ្លាំងលើវិស័យសិល្បៈច្រើនជាង១ទសវត្សរ៍ លោកឈឿន ឧត្តម ត្រូវបានប្រជាជនខ្មែរពេញចិត្តនឹងទឹកដមសំនៀងថ្នមពីរោះរណ្តំដោយមានស្នាដៃបទចម្រៀងរបស់លោកជាច្រើននៅតែជាទីពេញនិយមស្តាប់សម្រាប់អ្នកមានវ័យជ្រេបន្តិចមានដូចជាបទ”ឱបស្រមោល” បទ”រនោចខែប្រាំង” បទ“ទូរស័ព្ទអ្នកណា” បទ”ទឹកភ្នែកជនពាល”នោះជាដើម៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖