ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្នុងក្រុងបានលុងជិត៩០%បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ដូសទី១ ហើយផែនការបន្ទាប់គឺចុះចាក់នៅតាមបណ្តាស្រុកនានា

ចែករំលែក៖

ខេត្តរតនគិរី៖ លោក នាង សំអាត នាយករដ្ឋបាលសាលាខេត្តរតនគិរីបានឱ្យដឹងតាមសារតេឡេក្រាមនាថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ថា ពលរដ្ឋក្នុងក្រុងបានលុងជិត៩០% ពោលគឺ៨៩%បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១ហើយៗផែនការបន្ទាប់គឺចុះចាក់តាមបណ្តាស្រុកនានា។

លោកបន្តថា ដោយមើលឃើញសន្ទុះនៃប្រជាពលរដ្ឋក្នុងក្រុងបានលុងដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី១ចាប់ពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២១នេះគឺមានការថយចុះចំនួននៃអ្នកមកទទួលចាក់សាំង ហើយអាជ្ញាធរគ្រោងនឹងបញ្ចប់ការផ្ដល់វ៉ាក់សាំងដូសទី១ជូនពលរដ្ឋក្នុងក្រុងបានលុងមុនផែនការកំណត់។

លោក នាង សំអាត បញ្ជាក់ថា យោងតាមស្ថានភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងបានលុងគិតមកដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១នេះឃើញថា ចំនួនអ្នកចូលមកចាក់មានចំនួនតិចតួចបើធៀបទៅនឹងផែនការដែលគ្រោងទុក ឬអាចនិយាយបានថាល្បឿននៃការចាក់បានលឿនជាងរហូតដល់ ៨៩ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបនៅក្នុងក្រុងដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ។ដោយហេតុនេះហើយទើបពេលវេលានៃការចាក់អាចត្រូវបញ្ចប់ត្រឹមថ្ងៃទី២៣ខែកក្កដាឆ្នាំ ២០២១ហើយដូសទី២នឹងត្រូវចាប់ផ្តើមចាក់នៅសប្តាហ៍ទី១ខែសីហាឆ្នាំ២០២១។

លោកនាយករដ្ឋបាលរូបនេះបានឱ្យដឹងទៀតថា បន្ទាប់ពីបិទបញ្ចប់នៃការចាក់ជូនប្រជាពលរដ្ឋដូសទី១នៅក្នុងក្រុងបានលុងមក អាជ្ញាធររៀបចំផែនការបន្តចាក់ជូនប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកកូនមុំ ស្រុកបកែវ ស្រុកលំផាត់ និងស្រុកបន្តបន្ទាប់ទៀតចាប់ពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ ២០២១ តទៅ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖