ព័ត៌មានទាន់ហេតុការណ៍៖

បើស្រវឹងសូមកុំបើកបរ! មន្រ្តីយោធាម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហ្វដរ៉េនជើរពាក់ស្លាកលេខខេមរភូមិន្ទទៅបុករថយន្តពីរគ្រឿងជាបន្តបន្ទាប់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមន្រ្តីយោធាដែលគេសង្ស័យថាស្រវឹងស្រាបានបើករថយន្តហ្វដរ៉េនជើរពាក់ស្លាកលេខខេមរភូមិន្ទ រេចង្កូតទៅបុករថយន្តពីរគ្រឿងជាបន្តបន្ទាប់គ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០ នាទីយប់ថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវ២៨គ្រួសារកែងនឹងផ្លូវតាចេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេបានឃើញបុរសម្នាក់បើករថយន្តហ្វដរ៉េនជើរពណ៌ត្រេអុីចង្កូតស្តាំពាក់ស្លាកលេខខេមរភូមិន្ទ01-2-5981បានបើកបុករថយន្តហាយឡេនឌ័រ ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU-1559នៅចំណុចខាងក្រោយវត្តសំរោងអណ្ដែតបណ្ដាលឲ្យរងការខូចខាតផ្នែកចំហៀងខាងមុខខាងឆ្វេងយ៉ាងដំណំម្តងរួចហើយ  ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបានចេញសំណងចំនួន៣០០ដុល្លារទៅឲ្យខាងភាគីរថយន្តហាយឡេនឌ័រដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។

បន្ទាប់មកបុរសខាងលើក៏បានបើករថយន្តបន្តដំណើរទៅមុខទៀតក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកែងផ្លូវ២៨គ្រួសារក៏បានជ្រុលទៅបុករថយន្តតាកូម៉ាពណ៌ស្ករមួយគ្រឿងទៀតពាក់ស្លាកលេខកំចាម2A-4850ដែល ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨គ្រួសារក្នុងទិសដៅពីលិចទៅកើត ចំពីចំហៀងខាងមុខផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ហើយភាគីខាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបានចេញសំណងទៅឲ្យរថយន្តតាកូម៉ាចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។

ចំណែកម្ចាស់រថយន្តពាក់ស្លាកលេខខេមរភូមិន្ទត្រូវបានសមត្ថកិច្ចឃាត់មិនឲ្យបើកបន្តទៅមុខទៀតនោះទេ ដោយខ្លាចបង្កគ្រោះថ្នាក់តាមផ្លូវបន្ថែមទៀត ទើបសមត្ថកិច្ចឲ្យចតអែបខាងផ្លូវរង់ចាំឲ្យស្វាងស្រាសិន ហើយបានឲ្យបុរសខាងលើទាក់ទងទៅរកសាច់ញាតិដើម្បីមកយកត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ និន  សុភ័ស្ត


ចែករំលែក៖