ព័ត៌មានទាន់ហេតុការណ៍៖

របរធ្វើនំបញ្ចុកអាចរកប្រាក់បានច្រើនក្នុងចំណោមរបរផ្សេងៗទៀតរបស់ប្រជាពលរដ្ឋរស់នៅភូមិគ្រួស

ចែករំលែក៖

ភ្នំពេញ ៖ នំបញ្ចុកគឺជាមុខម្ហូបមួយប្រភេទកើតឡើងដោយការរួមផ្សំអំពីភោគផលដែលមានសម្បូរហូរ ហៀរនៅក្នុងប្រទេសកម្ពុជា ហើយបច្ចប្បន្នបានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលនិយមបរិភោគនំបញ្ចុក បន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃ។ នំបញ្ចុកភាគច្រើនគេឃើញយកទៅទទួលនៅក្នុងកម្មវិធីជប់លៀង បុណ្យនិងកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ។ ទន្ទឹមនឹងនេះភូមិគ្រោះ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៍ជាកន្លែងផលិតនំបញ្ចុកដែលទទួលបានជោគជ័យ និងច្រើនផងដែរនៅក្នុងព្រះរាជជាណាចក្រកម្ពុជា នាពេលបច្ចប្បន្ននេះ។

នំបញ្ចុកគឺជាមុខម្ហូបមួយប្រភេទ ដែលមានឱជារសច្រើនយ៉ាង ដោយសារគេកែច្នៃគ្រឿងផ្សំផ្សេងៗដទៃផ្សេងៗគ្នា មានទឹកសម្លប្រហើរ ទឹកសម្លខ្ទិះ ឬការី និងអាចទទួលទានបានជាច្រើនមុខបន្ថែមទៀត បន្ថែមរសជាតិឲ្យកាន់តែឆ្ងុយឆ្ងាញ់ទៅទៀតនោះគេទទួលទានលាយជាមួយរបោយបន្លែទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និងតាមតំបន់នីមួយៗ ដែលនិយមទទួលទាននំបញ្ចុកខ្មែរ។

នំបញ្ចុកសឹងជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាចឬប្រើជំនួសបាយម្តងម្កាលថែមទៀតផង។ មិនតែប៉ុណ្ណោះនំបញ្ចុក កាន់តែបានទទួលនូវការនិយមជាទូទៅ និងខ្លាំងឡើង ទៀតក្នុងគ្រប់ស្រទាប់ប្រជាជន ដែលបានកែច្នៃគ្រឿងផ្សំសម្រាប់ ទទួលទានបានជាច្រើនមុខថែមទៀត ដូចជា ទទួលទានជាមួយសម្លខ្ទិះ(ការី) ផ្ទាប់ជាមួយសាច់ផ្សេងៗ និងទឹកសម្លប្រហើរដែលអមទៅដោយត្រី ព្រមទាំងទឹកគ្រឿងជាច្រើនទៀត។ល។និង។ល។ ។ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបបានជា«ការធ្វើនំបញ្ចុក» ក្លាយជាមុខ របរមួយដ៏ប្រសើរ ប្រចាំជីវភាពគ្រួសារ របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ហើយវាក៍ជារបរមួយសាមញ្ញ ប្រើប្រាស់នូវឧបករណ៍ធម្មតាក៍បាន ប្រើប្រាស់នូវឧបករណ៍កែច្នៃធ្វើដោយម៉ាស៊ីនក៍បាន។

លោកឃឹម លាភ ជាអ្នកធ្វើនំបញ្ចុកម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀតក្នុងភូមិគ្រោះបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា នំបញ្ចុកផលិតចេញពីម្សៅអង្ករ ដែលបានមកពីរុក្ខជាតិមួយប្រភេទ ហៅថា«ស្រូវ»ព្រះមេរុ ឬប្រពៃស្រព»។

លោកបន្តថា របរធ្វើនំបញ្ចុក វាជារបរមួយសាមញ្ញដែលប្រើប្រាស់នូវឧបករណ៍ធម្មតាក៍បាន ដែលមានដូចជាប៉ែន កញ្ជ្រែង កញ្ជើ កន្ត្រង ត្បាល់បុក ត្បាល់ជាន់ ត្បាល់កិន ឆ្នាំងជាដើម។ ម្យ៉ាងទៀតពុំចាំបាច់ មានចំណេះវិជ្ជាជ្រៅជ្រះផងទេគឺប្រើប្រាស់ត្រឹមកម្លាំង កាយ និងការអំណត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់នោះជាកាស្រេច។ លោកឃឹម លាភ ប្រាប់ឲ្យដឹងទៀតថា របៀបធ្វើនំបញ្ចុកមុនដំបូងគេយកអង្កទៅត្រាំទឹកឲ្យបាន២យប់ រួចហើយគេយកមកកិនឲ្យទៅជាម្សៅ បន្ទាប់មកគេយកម្សៅនោះទៅសម្រស់ឲ្យស្ងួតទឹក បន្ទាប់មកទៀតគេយកទៅស្ងោរ ហើយគេយកទៅច្រកក្នុងប៉ែនទើបយកស្នូលឈើ ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន បន្ទាប់មកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹកជាការស្រេច។   

ចំណែកអ្នកស្រីម៉ម សុខែម ដៃកំពុងចាប់ចង្វាយនំបានប្រាប់ឲ្យដឹងថា នំបញ្ចុកបច្ចប្បន្ន បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៍ដូចជាជនបរទេសជាច្រើនដែលនិយមបរិភោគនំបញ្ចុក បន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃ និងភាគច្រើនគេឃើញយកទៅទទួលនៅក្នុងកម្មវិធីជប់លៀង បុណ្យនិងកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ។

អ្នកស្រីបន្តថារបរធ្វើនំបញ្ចុកនេះ វាជារបរតមកពីដូនតា ហើយអ្នកស្រីចេះតពីម្តាយមកក្នុងទស្សវត្តឆ្នាំ៨០។ នៅក្នុងភូមិគ្រោះនេះមានអ្នកប្រកបរបរនេះ តាមគ្នាច្រើនដែលបង្កើតឡើងទទួលបានជោគជ័យ តែក៍មានអ្នកខ្លះដួលបះជើងក៏ច្រើនដែរ នៅក្នុងមុខរបរនេះ ពីព្រោះវាមានចំនួនអ្នកធ្វើច្រើនដែលដេញជើងគ្នាបញ្ចុះតម្លៃដណ្តើមម៉ូយនោះ។ 

អ្នកស្រីបញ្ជាក់ថា ក្នុងការធ្វើវាមិនស្រួលហើយក៍មិនពិបាកប៉ុន្មានទេ កម្មករត្រូវការច្រើនគឺអ្នកចាប់ចង្វាយ ក្រៅពីនោះមានតែកម្លាំងមនុស្សប្រុស២ទៅ៣នាក់គ្រប់គ្រាន់ហើយ ខណៈយើងធ្វើត្រឹមអង្ក៥ទៅ៦រយគីឡូក្រាម ស្មើរនឹងប្រមាណជាង១ពាន់គីឡូនំបញ្ចុកនោះ រីឯប្រាក់ចំណូលគឺយើងទទួលបានសមរំ ទៅតាមលត្ថភាពដែលយើងធ្វើ។ អ្នកស្រីបន្តទៀតថា ពី១ឆ្នាំទៅ១ឆ្នាំបើម៉ូយដាក់អង្កល្អឲ្យដោយធ្វើម្សៅមិនខូចនោះយើងមិនភ័យព្រួយខ្លាចខាតនោះឡើយ ព្រោះបច្ចប្បន្នបើលក់រាយ ក្នុង១គីឡូក្រាមបានតម្លៃ២៥០០រៀល រីឯបោះដំឲ្យម៉ូយជារៀងរាល់ ថ្ងៃបានតម្លៃ១៥០០រៀលផងដែរ។ 

អ្នកស្រីម៉ម សុខែម ប្រាប់ឲ្យដឹងទៀតថា របរធ្វើនំបញ្ចុកនេះ អ្នកខ្លះមើលមកថាសាមញ្ញទេ តែបើអ្នកដឹងវិញនោះក៍មិនធម្មតាដែរ បើយើងធ្វើក្នុង១ថ្ងៃបានចាប់ពី៥រយគីឡូក្រាមអង្ក ឡើងទៅ គឺយើងអាចទទួលបានប្រាក់ចំណេញ ដែលធ្វើឲ្យជីវភាពគ្រួសាររស់នៅបានសមរំ ហើយបើមានកូនរៀនត្រឹមមហាវិទ្យាល័យម្នាក់ ឫពីរនាក់ក៍មិនលំបាកភ័យព្រួយក្នុងការផ្គត់ផ្គង់នោះឡើយ។

អ្នកស្រីបញ្ជាក់ថា កន្លងមកអ្នកស្រីមានកូនស្រី៤នាក់នៅក្នុងបន្ទុក រៀនមហាវិទ្យាល័យ២នាក់រៀនវិទ្យាល័យ២នាក់ ដោយកូនបានរៀនចប់ទាំងអស់។ បើទោះជាក្នុងខណៈការរីករាលដាលនៃជំងឺកូវីដ១៩ មិនសូវមានអ្នកកំម៉ង់ច្រើនដូចមុនមែន តែតទៅថ្ងៃមុខរបរធ្វើនំបញ្ចុកដែលអ្នកស្រីទទួលបានជោគជ័យកន្លងមកនេះ អ្នកស្រីមិនប្តូរឡើយព្រោះថាអ្នកស្រីប្រកបរបរនេះតមកពីឪពុកម្តាយផង និងជាកេរ្តិ៍តំណែងពីដូនតាមកផង ដូច្នេះរបរមួយនេះ អ្នកស្រីនឹងបន្តទៅឲ្យកូនម្នាក់ណាដែលគេចង់ធ្វើជាបន្តទៀត៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖