ភ្នំពេញ ៖ បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅព្រលប់ថ្ងៃសុក្រម្សិលមុិញនេះ បានមានប្រសាសន៍ថា, ដើម្បីឲ្យទាន់សភាពការណ៍នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំ ដល់ អាយុ១៧ឆ្នាំ សម្តេចតេជោ ហ៊ុន សែន សូមប្រកាសផ្លាស់ប្តូរថ្ងៃ បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២-១៧ឆ្នាំ ពីថ្ងៃទី០៦ ខែសីហា មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១វិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះ (ថ្ងៃទី០១ ខែសីហា) តែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។
សូមជំរាបថា នាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។
បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»។
សូមជម្រាបជូនថា, លោកបណ្ឌិត ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ក៏បានចេញ លិខិតថ្លែងអំណរគុណ
សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា !
ដោយបញ្ជាក់ថា, សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន សម្រេចដ៏ខ្ពង់ខ្ពស់ ឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យអាយុពី ១២ឆ្នាំដល់ ១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២លាននាក់។ ការសម្រេចចិត្តជា យុទ្ធសាស្ត្រនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សា ឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ។
ជាថ្មីម្តងទៀត តាំងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ គ្រូបង្រៀន សាស្ត្រាចារ្យ សិស្សានុសិស្ស និងយុវជនទាំងអស់ ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគាំទ្រ និងគិតគូរជាចម្បងដល់វិស័យអប់រំ និងសុខុមាលភាពរបស់បុគ្គលិកអប់រំ សិស្សានុសិស្ស និងយុវជន ជារៀងមក ។
ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ សូមតាមជួយបីបាច់ថែរក្សា និងប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ ៕
ដោយ៖ សិលា