ខេត្តសៀមរាប៖ រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។
ក្រោយការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពនៅស្រុកជីក្រែង កាលពីដើមខែមិថុនា ឆ្នាំ២០២១ កន្លងមក សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បាននូវមុខសញ្ញា ដែលជាដើមហេតុបង្កឱ្យឆ្លងជំងឺកូវីដ-១៩ រាលដាលធ្ងន់ធ្ងរក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម និងក្រុងសៀមរាប ព្រមទាំងស្រុកមួយចំនួនទៀតផងដែរ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន ២ករណី ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងហាង សប្បាយ សប្បាយ ស្ថិតនៅភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០៤នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៉ីខាងលើ។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០៤នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចចោទប្រកាន់ បន្តនីតិវិធីចេញដីកាសន្និដ្ឋានអោយស៊ើបសួរ ។ ទើបចៅក្រមស៊ើបសួរសាលាដំបូងសម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង០៤រូប ដូចមានរាយនាមខាងក្រោម៖
១-ឈ្មោះ សាន ឆេងគី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរថៅកែហាងពិភពធម្មជាតិ។
២-ឈ្មោះ ប្រាក់ សារ៉ន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរ មេកាហាងពិភពធម្មជាតិ។
៣-ឈ្មោះ លាង គា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី)ជនជាតិខ្មែរ រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។
៤-ឈ្មោះ តាំង ម្លិះ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។
សូមម្ចាស់អាជីវកម្មដ្ឋានទាំងអស់ចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ៕
ដោយ ៖ សិលា