ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ នាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុក្ខារាមគោកព្រិច ស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា ,នៅថ្ងៃសៅរ៍​ ទី​២៤ ខែកក្កដា​ ឆ្នាំ​២០២១​ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ អមដំណេីរដោយ​លោក​ លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុកនិង​ ក្រុមការងារ​ អញ្ជើញនាំយកទៀនព្រះវស្សា​ ទេយ្យវត្ថុ​ គ្រឿងឧបភោគបរិភោគ​ និងបច្ច័យប្រគេនព្រះសង្ឃវត្តសុក្ខារាមគោកព្រិច ភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ឱកាសពិធីបុណ្យចូលព្រះវស្សា​ ។ 

មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ លោក អ៊ុំ រាត្រី បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ 

លោកបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្ត ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ៕

ដោយ ៖ សិលា


ចែករំលែក៖