ខេត្តព្រៃវែង៖ ទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ក្នុងទឹកដីសន្តិភាពនៃប្រទេសកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញនូវមនោសញ្ចេតនារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះ ឃើញថាក្រុមគ្រូពេទ្យបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ។
ករណីដែលនឹកស្មានមិនដល់ត្រង់ថា, បន្ទាប់ពី លោកយាយ ស្តើង ស៉ាំ ជាសះស្បើយពីជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យធ្វើខួបកំណើតអោយត្រូវចំថ្ងៃខួបគម្រប់៨៧ ឈានចូល ៨៨វស្សា របស់លោកយាយតែម្ដង ! ។
បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, លោកយាយ ស្តើង ស៉ាំ រស់នៅក្នុងភូមិលេខ ០៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានជាសះស្បើយពីជម្ងឺកូវីដ-១៩ និងត្រូវបានអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី ២៤ ខែកក្កដា ត្រូវចំថ្ងៃខួបគម្រប់៨៧ ឈានចូល ៨៨វស្សា របស់លោកយាយតែម្ដង។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបួងសួងដល់គុណព្រះរតនៈត្រ័យ តាមជួយថែរក្សាលោកយាយឲ្យមានសុខភាពល្អ ជន្មាយុយឺនយូរ!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអរគុណដល់ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង សម្រាប់ការខិតខំប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ៕
ដោយ ៖ សិលា