ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងដាក់សម្ភាររបស់លោកឧកញ៉ា​ សូ​ ងួន​ នៅក្រោយក្លិបប្លូរឡាញ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង​

ចែករំលែក៖

ភ្នំពេញ​ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងដាក់សម្ភាររបស់លោកឧកញ៉ា​ សូ​ ងួន​ យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​ ១០និង០០នាទីយប់ ថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២១​ ស្ថិតនៅក្រោយក្លិបប្លូរឡាញ​ តាមបណ្តោយផ្លូវលេខ២៧១ ក្រុម១​ ភូមិសន្សំកុសល៥​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។ 

    លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ឃ្លាំងគឺលោកឧកញ៉ា​ សូ​ ងួន​  អាយុ​ ៥៦ឆ្នាំ​ ។ ចំពោះមូលហេតុ​នៃការឆាបឆេះ​ កំពុងតែធ្វេីការស្រាវជ្រាវ។ 

    គ្រោះអគ្គិភ័យខាងលេីនេះបានបំផ្លាញ​ ឃ្លាំងសង់ពីថ្មបេតុងប្រក់ស័ង្កសី​ ដែលមានទំហំ​៣០ម៉ែត្រគុណ​នឹង៨០ម៉ែត្រ​ដែលនៅក្នុងនោះមានស្តុកទំនិញគ្រប់មុខ​ត្រូវបានភ្លើងឆេះអស់ទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

    ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យខាងលេីនេះ​សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២១គ្រឿង ដោយប្រើប្រាស់ទឹកអស់​ ១២៦ឡាន ស្មើ៨៤៦ម៉ែត្រគូប​ ក្នុងនោះមានការចូលរួម​ពីរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ​ចំនួន​២គ្រឿង​ ប្រេីប្រាស់ទឹកអស់​២ឡាន​ ស្មេី​៨ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន​ OCIC ទីក្រុងជ្រោយចង្វាចំនួន​៧គ្រឿង​ ប្រើប្រាស់​ទឹកអស់​២១ឡាន​ ស្មេី​១២៦ម៉ែត្រ​គូប,​ រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យ៉ាចំនួន​ ២គ្រឿង​ ប្រើប្រាស់​ទឹកអស់​២ឡាន​ស្មេី​ ៨ម៉ែត្រ​គូប,​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ចំនួន​១គ្រឿង​ ប្រេីប្រាស់ទឹកអស់​៥ឡាន​ ស្មេី​៣០ម៉ែត្រ​គូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ២និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖