គ្រូបង្វឹកលោក Mauricio Pochettino បានបន្តកុងត្រា១ឆ្នាំទៀតជាមួយក្លិប Paris St-Germain ដែលនឹងរក្សាគាត់នៅក្លិបយក្សបារាំងមួយនេះរហូតដល់ឆ្នាំ២០២៣ ។
អតីតគ្រូបង្វឹកក្លិប Tottenham ដំបូងបានចុះកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២២ នៅពេលដែលបុរសវ័យ៤៩ឆ្នាំរូបនេះបានចូលកាន់តំណែងកាលពីខែមករា។ លោក Pochettino ដែលធ្លាប់ជាប្រធានក្រុម PSG ក្នុងនាមជាកីឡាករតាំងពីឆ្នាំ២០០១ ដល់២០០៣ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Spurs មុនពេលការមកដល់របស់លោកNuno Espirito Santo ។
លោក Pochettino មានប្រសាសន៍ថា “ខ្ញុំពិតជារីករាយខ្លាំងណាស់សម្រាប់ខ្លួនខ្ញុំ និងបុគ្គលិករបស់ខ្ញុំផងដែរ។ វាពិតជាសំខាន់ណាស់សម្រាប់ពួកយើងក្នុងការមានទំនុកចិត្តពីក្លិប ហើយយើងនឹងផ្តល់ដល់អតិបរិមារបស់យើងដើម្បីឱ្យអ្នកគាំទ្រមានមោទនភាពចំពោះ Paris St-Germain”។
លោកបន្តថា “នោះហើយជាមូលហេតុដែលយើងនឹងព្យាយាម និងសំរេចនូវគោលបំណងរបស់យើងទាំងអស់គ្នា។ កាលពី២០ឆ្នាំមុនខ្ញុំធ្លាប់ធ្វើជាប្រធានក្រុមនេះ ហើយថ្ងៃនេះខ្ញុំជាគ្រូបង្វឹក វាជាក្តីសុបិនក្លាយជាការពិត”។
កាលពីរដូវកាលមុន Pochettino បានដឹកនាំក្រុម PSG ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលជាកន្លែងពួកគេត្រូវបានផ្តួលដោយក្រុម Manchester City ហើយក្លិបបានចាញ់ក្រុម Lille នៅលីកកំពូលបារាំងកាលពីរដូវកាលមុនផងដែរ ។ ទោះយ៉ាងណាប្រធានក្លិប PSG លោក Nasser Al-Khelaifil មានជំនឿចិត្តថា Pochettino គឺជាបុរសដែលអាចដឹកនាំក្លិបឱ្យទទួលបានជោគជ័យថែមទៀត។
លោកបានមានប្រសាសន៍ថា “យើងពិតជារីករាយណាស់ដែល Pochettino បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្រុមគ្រួសារ Paris St-Germain។ ដោយបានធ្វើជាប្រធានក្រុមកាលពី២០ឆ្នាំមុនគាត់យល់ពីគុណតម្លៃមហិច្ឆតា និងចក្ខុវិស័យរបស់ក្លិបនាពេលអនាគត។ ជាមួយនឹងការដឹកនាំរបស់ Pochettino យើងពិតជារំភើប និងមានទំនុកចិត្តចំពោះអ្វីដែលនឹងកើតឡើងនាពេលអនាគត” ៕
ដោយ៖ (រូបភាព៖ BBC Sport)